(ស៊ីដនី)៖  ភ្លើងឆេះព្រៃដែលបាន និងកំពុងវាយលុកភាគខាងលិចប្រទេសអូស្ត្រាលី ដែលជារឿងគ្មាននរណា​នឹកស្មានដល់នោះ បានឈានដល់តំណាក់កាល​គ្រប់គ្រងលែង​បានហើយ ខណៈអាជ្ញាធរ​ពន្លត់អគ្គីភ័យ​កំពុង​ពង្រាយកម្លាំងពន្លត់ និងជម្លៀសប្រជាជន​ដែលងាយ​រងគ្រោះចេញពីទីនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ភ្លើងបានបន្តលេបត្របាក់តំបន់ជាយភាគខាងត្បូង និងខាងលិច ជាពិសេសភាគខាងជើងនៃតំបន់ Orana ដែលអាយុជីវិត​ប្រជាជនជាច្រើន​អាចនឹងទទួលរងការ​គំរាមកំហែង ប្រសិនបើមិនអាចជម្លៀសចេញទាន់ពេលវេលា។ នាយកដ្ឋានពន្លត់អគ្គីភ័យបានចេញសារ​ព្រមានៗធ្ងន់ ទៅកាន់ប្រជាជន​តំបន់ខាងលើ​នេះថា «អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ! ត្រូវជម្លៀសខ្លួនចេញ​​ភ្លាម​ទៅដើម្បីអាយុជីវិត។ ប្រសិនបើមានផ្លូវ ត្រូវតែចេញទៅរកកន្លែងដែលមានសុវត្ថិភាព»

ចាប់តាំងពីថ្ងៃទី០៨ ខែមករាមក ភ្លើងឆេះព្រៃបានកើតមានឡើងជាបន្តបន្ទាប់ នៅតាមតំបន់ភាគខាងលិច ឈាងខាងត្បូងប្រទេសអូស្ត្រាលី ជាពិសេសតំបន់ជុំវិញទីក្រុង Perth ខណៈត្រូវបានបង្ក្រាប និងរលត់ទៅវិញ​ជាបន្តបន្ទាប់។ ប៉ុន្តែឈានមកដល់ល្ងាចថ្ងៃអាទិត្យ ភ្លើងឆេះព្រៃក៏បានកញ្ជ្រោលឡើងវិញ និងបានរាលដាល​បង្កការប្រកាសអាសន្ននៅវេលាម៉ោង ២៖០០នាទីទៀបភ្លឺថ្ងៃចន្ទ ទី២៣ ខែមករា នៅតំបន់ Orana និងMilpara៕