(អាមេរិក)៖ ក្រុមមន្ត្រី​អាមេរិក​បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លា​ប់ដោយសារ​ខ្យល់ព្យុះ​ថូណាដូ បានកើន​ឡើង​ដល់១៨នាក់ហើយ ខណៈ​មនុស្សជា​ច្រើននាក់ផ្សេងទៀត​បាន​រងរបួស​នៅឯ​ភាគខាងត្បូង​សហរដ្ឋអាមេរិក។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ សារព័ត៌មាន BBC​ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។​

ខ្យល់ព្យុះកំបុតត្បូង​ថូណាដូ (Tornado) ដែលបក់បោក​ក្នុងល្បឿន២១៨គីឡូម៉ែត្រ​ក្នុងមួយម៉ោងបាន​វាយប្រហារ​មកលើ​តំបន់ជាច្រើន ក្នុងនោះ​រដ្ឋចរជៀ (Georgia) មាន​មនុស្ស​១៤នាក់ស្លាប់ និងរដ្ឋមីស៊ីស៊ីបពី (Mississippi) មានមនុស្ស០៤នាក់ស្លាប់​កាលពីថ្ងៃសៅរ៍​កន្លងទៅ។ ជាងនេះ​ទៅទៀត​អភិបាល​រដ្ឋ​ចរជៀ លោក Nathan Deal ក៏បាន​ប្រកាសពី​ភាពអាសន្ន​ផងដែរ ប៉ុន្តែ​មិន​ទាន់មានការបញ្ជាក់ពី​ទំហំខូចខាត​នោះ​ឡើយ ស្របពេលមនុស្ស៥២នាក់បានរងរបួស រីឯផ្ទះ៤៨០ខ្នងត្រូវបានបំផ្លិចបំផ្លាញ។   

គួរបញ្ជាក់ថាបើតាមអាជ្ញាធរឧតុនិយមអាមេរិក ផ្គររន្ទះជាច្រើន និងចំហាយខ្យល់ព្យុះកំបុតត្បូងថូណាដូ អាចនឹងនៅតែមានឥទ្ធិពលនៅក្នុងរដ្ឋផ្លូរីដា និងភាគខាងត្បូងនៃរដ្ឋចរជៀ៕