(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកថ្មី លោក​ដូណាល់ ត្រាំ បានអញ្ជើញ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ មកកាន់ទីក្រុងវ៉ាស៊ីនតោន នៅខែកុម្ភៈខាងមុខនេះ ហើយដែលការអញ្ជើញនេះ ធ្វើឡើង​នៅក្នុងកិច្ច​សន្ទនា​តាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ​បន្ទាប់ពីលោក ត្រាំ បានស្បថចូលកាន់​តំណែង​ជាផ្លូវការបានពីរថ្ងៃប៉ុណ្ណោះ។ នេះបើតាមការប្រកាសពីខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ដកស្រង់​ដោយ​សារព័ត៌មាន ABC News នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

ខុទ្ទកាល័យ​លោក ណឺតាន់យ៉ាហ៊ូ បានឱ្យដឹង​ទៀតថា «កាលបរិច្ឆេទជាក់លាក់​នៃដំណើរទស្សនកិច្ច​របស់​ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវបញ្ជាក់ក្នុង ពេលឆាប់ៗ​នេះ»។ ចំណែកឯនៅ​ក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទនោះ​ដែរ មេដឹកនាំទាំងពីរ ក៏បាន​ពិភាក្សាគ្នា​ស្ដីពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណើរការសន្តិភាពរវាងប៉ាឡេស្ទីន-​អ៊ីស្រាអែល និងបញ្ហាអន្តរជាតិ​ជាច្រើនផ្សេង​ទៀត។

គួរបញ្ជាក់ថាសេតវិមានអាមេរិក​នៅថ្ងៃអាទិត្យ​បានទទួលស្គាល់ថា ខ្លួនកំពុង​ស្ថិតនៅ​ក្នុងដំណាក់​កាល ពិភាក្សា​ស្ដីពី​គំរោងផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិកប្រចាំ ប្រទេសអ៊ីស្រាអែល ពីទីក្រុងតែលអាវីវ ទៅកាន់​ទីក្រុងហ្សេរុយ​សាឡឹមវិញ។ ក៏ប៉ុន្តែ​បើសិនជាការ​សម្រេចចិត្តនេះ ត្រូវបានធ្វើឡើង​មែននោះ ភាពតានតឹងអាច​នឹងផ្ទុះឡើងកាន់តែខ្លាំង​នៅក្នុងតំបន់​មជ្ឈិមបូព៌ា ពីព្រោះវាច្បាស់ណាស់ថាប្រទេស អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងហ្ស៊កដានី ជាដើម មុខជានឹងជំទាស់ចំពោះ​គំរាងផ្លាស់ប្ដូរស្ថានទូតអាមេរិកនេះមិនខាន៕