(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បានបន្តប្រតិបត្តិការ​នានាឡើងវិញជា​ធម្មតាហើយ​នាពេលនេះ​បន្ទាប់ពី​​ការកើត​មាន​​បញ្ហា​ប្រព័ន្ធ​កុំព្យូទ័រ ដែលបង្ខំឲ្យ​ផ្អាកការហោះហើរ​ក្នុងស្រុកជា​បណ្តោះ​អាសន្ន​នៅទូទាំង​ប្រទេសមក។ នេះបើតាមការចេញផ្សាយដោយ CNN នៅ​មុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

ក្រុមហ៊ុនអាកាសចរណ៍​ខាងលើ​បានសរសេរ​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គម Twitter ថា «​បញ្ជាផ្អាក​ការហោះ​ហើរ​​​ត្រូវ​បាន​​ដក​ចេញ​​វិញ​ហើយ ហើយយើង​កំពុងតែ​ខិតខំ​ធ្វើយ៉ាង​ណា ដើម្បី​ឲ្យ​ការ​ហោះហើរ​ក្នុងស្រុក​ទាំងអស់​ដំណើរការ​ទៅមុខ​ដូចធម្មតា​វិញ ឲ្យបានឆាប់​រហ័ស​បំផុត​តាមតែធ្វើទៅបាន។ យើងក៏​សូមអភ័យទោស​អតិថិជនទាំងអស់​ ចំពោះ​ការរំខាននេះ​ផងដែរ»

គួរបញ្ជាក់ថា នៅមុននេះ​អ្នកនាំពាក្យ​អាកាសចរណ៍ United Airline អ្នកនាង Maddie King បានប្រាប់ CNN ថាក្រុមហ៊ុនបាន​ដាក់បញ្ជា​ឲ្យផ្អាក​​រាល់ជើងហោះហើរ​ក្នុងស្រុកទាំងអស់​ដោយសារតែ​បញ្ហាពាក់ព័ន្ធ​នឹងប្រព័ន្ធ​ទំនាក់ទំនង​ដែលយន្តហោះ​ប្រើប្រាស់​ ដើម្បីបញ្ចូន​ទិន្នន័យ​ទៅ​កាន់​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​ហោះហើរ​របស់ក្រុមហ៊ុន៕