(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ីន ជិនពឹង នឹងដឹកនាំគណកម្មការថ្មីមួយ ដើម្បីត្រួតពិនិត្យការអភិវឌ្ឍ​វិស័យយោធា និងស៊ីវិលរួមគ្នាតែម្តង ដែលគណកម្មការ​ថ្មីនេះនឹងជួយជំរុញឲ្យសកម្មភាពនៃការធ្វើទំនើបកម្ម​វិស័យយោធារបស់ចិនកាន់តែខ្លាំងក្លាជាងមុនទៀត។ នេះបើតាមការផ្សាយរបស់ Channel News Asia ដកស្រង់​ចេញពីទីភ្នាក់ងារព័ត៌មាន​ Reuters នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

កន្លងមកប្រទេសចិនត្រូវបានគេមើលឃើញថា បានប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យយោធា និងស៊ីវិលរួមគ្នាតែម្តង តួយ៉ាងដូចជាការអភិវឌ្ឍយោធា​ជើងទឹកចល័ត​ក្នុងមហាសមុទ្រ «Blue water», កងយន្តហោះចម្បាំងទំនើបៗ និងបច្ចេកវិទ្យាមួយចំនួនទៀតដើម្បីការពារផលប្រយោជន៍លើឆាកអន្តរជាតិ របស់ប្រទេសចិនទាំងមូលតែម្តង។

គួរបញ្ជាក់ថាសេចក្តីប្រកាសខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំមួយ​របស់គណបក្សកុម្មុយនិស្តចិន ហើយគណកម្មការខាង​លើនេះក៏នឹងដើរតួជាស្ថាប័នកំពូលមួយផងដែរ​ក្នុងចំណោមគណកម្មការជាច្រើនទៀតរបស់បក្ស។ តាមអ្នកវិភាគនានាបានលើកឡើងថា ចាប់តាំងពីលោក​ ស៊ី ជិនពីង បានឡើងកាន់តំណែងជាប្រធានាធិបតីចិនមក ប្រទេសអាស៊ីមួយនេះហាក់មានការអភិវឌ្ឍលើ​វិស័យយោធាយ៉ាងឆាប់រហ័សជាងពេលណាទាំងអស់។

ជាក់ស្តែងប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលដ្ឋានយោធា និងឧស្សាហកម្ម ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ចតំណាលគ្នា ដែលជាមាគ៌ារបស់សហរដ្ឋអាមេរិកធ្លាប់ធ្វើកន្លងមក ដើម្បីការ​បង្កើន​អំណាចកងទ័ព ជាមួយនឹងឥទ្ធិពល​ដែលបាន​ពង្រីកនៅតាមតំបន់​នានាជុំវិញពិភពលោក៕