(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៣៦នាក់ បានបាត់បង់ជីវិត និង៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ហេតុការណ៍ រថភ្លើងដឹក​អ្នកដំណើរមួយគ្រឿង រអិលធ្លាក់ផ្លូវ នៅយប់ថ្ងៃសៅរ៍ ម្សិលមិញ នៅឯភាគខាងត្បូង ប្រទេស ឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ ២០១៧។

ប្រភពដដែលបានឱ្យដឹងទៀតថា រថភ្លើងល្បឿនលឿនខាងលើ មានគោលដៅធ្វើដំណើរពីទីក្រុង Jagdalpur ឆ្ពោះទៅកាន់ទីក្រុង Bhubaneswar បានរអិលធ្លាក់ចេញ ផ្លូវដែកនៅក្បែរស្ថានីយ៍រថភ្លើង Kuneri station ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh នៃចំងាយប្រមាណជា៣០ គីឡូម៉ែត្រ Raigarh ខាងក្រៅទីក្រុង Raigarh។ ដោយ ឡែកពាក់ព័ន្ធនឹង សោនាដកម្មនេះដែរ ប្រធានមន្ត្រីប៉ូលិសម្នាក់នៅក្នុងតំបន់ ក៏បានបញ្ជាក់ដែរថា ទូរភ្លើងចំនួន៩បានក្រឡាប់ ហើយជនរងគ្រោះភាគច្រើនដែលបាន បាត់បង់ជីវិត គឺស្ថិតនៅក្នុងបន្ទប់សម្រាកនៃទូររថភ្លើងទី៣ ខណៈមូលហេតុនៃ គ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មនុស្ស១៥០នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវ នៅក្នុងរដ្ឋ Uttar Pradesh ហើយម្យ៉ាងវិញ ទៀត បើគិតពេញមួយឆ្នាំ​២០១៤ មនុស្សប្រមាណជា ២៧,៥៨១នាក់ បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់នៅលើផ្លូវដែកក្នុងប្រទេសឥណ្ឌា។