(វ៉ាស៊ីនតោន)៖ សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិកនឹងធ្វើការអភិវឌ្ឍន៍​ប្រព័ន្ធ​ការពារមីស៊ីលដ៏ទំនើប​និងរឹងមាំបំផុតមួយ ដើម្បីបង្កើនសមត្ថភាពទប់ទល់នឹងការវាយប្រហារពីសំណាក់ប្រទេសមួយចំនួនដូចជា​កូរ៉េខាង​ជើង​និងអ៉ីរ៉ង់​ជាដើម។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែមករា​ ឆ្នាំ២០១៧។

សេតវិមានបានឲ្យដឹងតាមរយៈគេហទំព័រផ្លូវការរបស់ខ្លួនថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹង​បញ្ចប់​ការ​កាត់​បន្ថយ​ការ​ចំណាយ​ទៅលើ​វិស័យ​ការ​ពារ​ជាតិ​ ហើយដាក់​សំណើថវិកាថ្មីទៅកាន់សភាជាតិ ដោយនឹងរៀបរាប់អំពីគំរោងក្នុងការកសាងកម្លាំងយោធាអាមេរិកឡើងវិញ។ យើងនឹងផ្តល់ជូនមេដឹក​នាំយោធា​របស់ប្រទេស​យើងនូវ​មធ្យោបាយ ដើម្បីរៀបចំផែនការសម្រាប់តម្រូវការវិស័យ​ការ​ពារ​​ជាតិនា​​ពេល​​អនា​គត​​របស់​យើង​ ហើយយើងក៏នឹង​ធ្វើការអភិវឌ្ឍន៍ប្រព័ន្ធ​ការពារមីស៊ីល​ដ៏ទំនើបនិងរឹងមាំ​បំផុតមួយ ដើម្បីការពារខ្លួនពីការវាយប្រហារដោយ​មីស៊ីល​របស់ប្រទេសកូរ៉េខាងជើង និងអ៉ីរ៉ង់ផងដែរ»។

ពិធីស្បថឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ត្រូវបានឡើងបន្ទាប់ពីកូរ៉េខាងជើងបានដុតរោលភាពតានតឹងបន្ថែមទៀត ជាមួយនិង​ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានព្រមានធ្ងន់ៗនៅក្នុងឱកាសការថ្លៃសារនាថ្ងៃឆ្លងឆ្នាំសាកលថារបបដឹកនាំទីក្រុងព្យុងយ៉ាង​ បាន​ឈានដល់ដំណាក់កាលចុងក្រោយ​នៃការរៀបចំបាញ់​សាកល្បង​មីស៊ីលផ្លោងអន្តរទ្វីបហើយ។

គួរបញ្ជាក់ថា វាគឺជាការគំរាមកំហែងដ៏ជាក់ស្តែងមួយដែលថាប្រទេសកូរ៉េខាងជើងជិតបានសម្រេចក្នុងការអភិវឌ្ឍ​មីស៊ីល​បំ​ពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អ៊ែរ​​​ដែល​មានសមត្ថភាព​បាញ់​ដល់ទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរក្រោមដីចំនួនប្រាំលើក និងការបាញ់​សាក​ល្បង​មីស៊ីលផ្លោងក៏ដូចជាការ​បង្ហោះគ្រាប់រ៉ុក្កែត​ជាច្រើន​ដងរួចមក។ ជាការឆ្លើយតបលោក ត្រាំ បានសចា្ចថានឹងបញ្ឈប់កូរ៉េខាងជើងមិន​​ឲ្យ​អភិវឌ្ឍន៍សមត្ថភាពមីស៊ីលផ្លោងអន្តរទ្វីប ICBM បានសម្រេចនោះឡើយ ប៉ុន្តែលោក​ប្រធានាធិបតី​អាមេរិក ពុំបានបញ្ជាក់ពីមធ្យោបាយ​ច្បាស់​លាស់ក្នុងការធ្វើដូច្នោះឡើយ៕