(បាងកក)៖ បណ្តាស្ត្រីដែលកំពុងជាប់ពន្ធនាគារស្ថិតនៅជាយទីក្រុងបាងកក បានរៀបចំពិធីបុណ្យមួយ​នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត គំរប់១០០ថ្ងៃ បើទោះបីជាពួកគេមាន​នាមជាទណ្ឌិត​ក៏ដោយ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។

នៅក្នុងពិធីប្រមូលផ្តុំគ្នាក្នុងទីលាននៃពន្ធនាគារខាងលើនេះដែរ ស្ត្រីទាំងអស់បានស្លៀកសំលៀកបំពាក់​ពណ៌ស និងមានកាន់ទៀនដុតបំភ្លឺ ជាបែបបទនៃប្រពៃណីគោរពវិញ្ញាណក្ខន្ធ​របស់ជាតិសាសន៍ថៃ។ គួរបញ្ជាក់ថា​ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ហើយក្រោយ​មកនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានឡើងគ្រងរាជ្យសម្បត្តិបន្ត។

នរណាក៏ដឹងដែរថា ក្នុងសង្គមថៃទាំងមូល ពិតជាមានការគោរពស្មោះស្ម័គ្រភក្តី យ៉ាងធំធេង​បំផុតចំពោះរាជ្យវង្ស​ ទៅលើជាពិសេស​អតីត​ព្រះមហាក្សត្រ ដែលត្រូវ​បានគេចាត់ទុក​ថាជាអ្នកដែល​បានផ្តល់ការរីកចំរើន​រុងរឿង សម្រាប់សង្គមជាតិ​ថៃ​ទាំងមូល នៅអំឡុង​ពេលដែលព្រះអង្គ​បានគ្រងរាជ្យសម្បត្តិចំនួន ៧ទសវត្សរ៍ និងបានក្លាយជាស្តេច​ដែលបានគ្រងរាជ្យយូរជាងគេបំផុតលើលោក៕