(វ៉ាស៊ីនតោន)៖ ទីបំផុតមហាសេដ្ឋីប្រចាំទីក្រុងញូយ៉កលោក ដូណាល់ ត្រាំ ដែលបានចូលរួមការប្រកួតប្រជែង​ជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន អស់ជាច្រើនខែ និងបានទទួលជោគជ័យគឺការឈ្នះឆ្នោត​ដែលមនុស្ស​ភាគច្រើនមិននឹកស្មានដល់​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ បានស្បថ​ឡើងកាន់​តំណែង​ជាប្រធានាធិបតី​ហើយ ដែលពិធី​ទាំង​មូល​​រៀប​ចំ​ឡើង​នៅក្នុង​វិមាន Capital ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ជាក្បាល​ម៉ាស៊ីនដឹកនាំ​សហរដ្ឋអាមេរិក​ទាំងមូល នៅវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹង​ពេលវេលា​រំលងអធ្រាតឈានចូល​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជា។

ពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នេះមានវត្តមានចូលពីសំណាក់មន្ត្រីរដ្ឋបាលចាស់ គ្រប់ជាន់ថ្នាក់រួមទាំង អតីត​ប្រធានាធិបតី​ជាច្រើនរូប ជាពិសេសលោក បារ៉ាក់ អូបាម៉ា ដែលជាតួអង្គសំខាន់​ក្នុងការចូលរួមកម្មវិធីនេះដើម្បីធ្វើការផ្ទេរអំណាចជាផ្លូវការ ចំពោះមុខក្រសែភ្នែកជាតិ និងអន្តរជាតិ ទៅកាន់លោក ដូណាល់ ត្រាំ។ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរួចរាល់ អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា និងភរិយា បានចាកចេញពី វិមានកាល់ពីតាល់ តាមរយៈឧទ្ធម្ភាគចក្រ។

តាមពិត​ទៅ​ពិធីស្បថឡើងកាន់​តំណែងជាប្រធានាធិបតីអាមេរិក មិនមែនជា​រឿងប្លែក​ពីអាណត្តិមុនៗ​នោះ​ឡើយ ដែលធ្វើឲ្យមនុស្សភាគច្រើនចាប់​អារម្មណ៍ខ្លាំង​បែបនេះ ប៉ុន្តែអ្វីដែលជាប្រវត្តិសាស្ត្រថ្មីនោះ គឺមហាសេដ្ឋី​ទីក្រុង​ញូយ៉ក ដែលមិនធ្លាប់មានបទសោធន៍ផ្នែកនយោបាយ​សោះ អាចមានឱកាសក្លាយជាមេដឹកនាំ​របស់​មហាអំណាចទី១លើពិភពលោក ដោយទទួលបានសំឡេងគាំទ្រពីប្រជាជនអាមេរិកដ៏ច្រើនលើសលុប៕