(តូក្យូ)៖ នាយក​រដ្ឋមន្ត្រីជប៉ុន​លោក ស៊ីនហ្សូ អាបេ បាននិយាយថា លោកចង់​ពង្រឹង​សម្ព័ន្ធភាព​​ជប៉ុន-អាមេរិក បន្ថែមទៀតនៅក្រោម​រដ្ឋាភិបាលអាមេរិកថ្មី​របស់ លោក ដូណាល់ ត្រាំ ដែលនឹងត្រូវ​ស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី៤៥ នៅថ្ងៃសុក្រ ទី២០ ខែមករា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើ​តាមការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia ​នៅរសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅ​ចំពោះ​មុខសភា​ជាតិ​ជប៉ុន លោក អាបេ បានគូស​បញ្ជាក់​ដូច្នេះថា «សម្ព័ន្ធភាព​ជប៉ុន-អាមេរិក នឹង​កាន់​តែ​រឹងមាំ​ដោយ​ផ្អែកលើនយោបាយការទូត និងសន្តិសុខ​រវាងប្រទេស​ទាំងពីរ ហើយ​ដែលនេះ​គឺជា​គោល​ការណ៍​​គ្រឹះ​មិនអាច​កែប្រែ​បាន (...) ខ្ញុំអាច​នឹង​បំពេញទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​ក្នុងពេលឆាប់ៗ​នេះ ដើម្បីពង្រឹង​ទំនាក់​ទំនង​បន្ថែម​ ជាមួយ​រដ្ឋាភិបាល​អាមេរិក​ថ្មីរបស់លោក ដូណាល់ ត្រាំ»

គួរបញ្ជាក់ថា​ការអត្ថាធិប្បាយ​របស់​លោក​ ដូណាល់ ត្រាំ នៅមុន​និង​ក្រោយ​ពេល​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក បានធ្វើឱ្យជប៉ុន​មានកង្វល់​មិនតិច​នោះទេ ជុំវិញភាព​មិនច្បាស់​នៃគោល​នយោបាយ​អាមេរិក​នៅក្នុងតំបន់ ជាពិសេសនោះ​គឺការសន្យា​លុបចោល​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក (TPP) តែម្ដង​ដែលនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ នៅតែ​ប្រកាន់​គោលជំហរ​គំាទ្រកិច្ចព្រមព្រៀងនេះ៕