(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបង្គាប់​មន្រ្តីក្រោម​ឱវាទ​ស្វែងរក​លទ្ធភាព​ក្នុងការ​បញ្ឈប់​ការប្រើប្រាស់​​យន្តហោះ​​ដឹកអ្នកដំណើរ​​យោធាធុន Tu-154, Tu-134, និង Il-62M តទៅទៀត។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

យន្តហោះសម្រាប់ដឹកមន្រ្តីយោធារបស់​ប្រទេស​រុស្ស៊ីធុន Tu-154, Tu-134, និង Il-62M អាចត្រូវ​បានផ្លាស់​ប្តូរ​ដោយជំនួសមកវិញ​​នូវ​យន្តហោះ​ទំនើបថ្មី​ជាង​មុន​ធុន Tu-214 និង Sukhoi Superjet 100 ឬហៅកាត់​ថា SSJ-100។ គំរោងបញ្ឈប់ការ​ប្រើប្រាស់យន្តហោះ​​ទាំងបីប្រភេទនេះ​ ត្រូវ​បានធ្វើ​ឡើងបន្ទាប់​​ពី​យន្តហោះ​​ដឹកមន្រ្តី​​យោធា​ធុន Tu-154 មួយគ្រឿង​របស់រុស្ស៊ី ដែលមាន​​គោលដៅ​ធ្វើដំណើរ​ឆ្ពោះ​ទៅ​​កាន់​មូលដ្ឋាន​ទ័ព Hmeimin ស្ថិតក្នុង​ទីក្រុង Latakia ប្រទេស​ស៊ីរី បានធ្លាក់​កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦​កន្លងទៅ ហើយបាន​បណ្តាល​​ឲ្យមនុស្ស​នៅលើ​យន្តហោះ សរុប៩២នាក់បាត់បង់ជីវិត។

គួរបញ្ជាក់ថា​ក្រសួងការពារជាតិ​ ជាមួយ​ក្រុមហ៊ុន United Aircraft Corporation (UAC) របស់​ប្រទេស​រុស្ស៊ី នឹងសហការគ្នា​ដើម្បី​ឈាន​ដល់ការ​ព្រមព្រៀង​ទៅលើផលិតកម្ម​នៃយន្តហោះ​ ដែលនឹងត្រូវ​យកមក​ប្រើប្រាស់​ជំនួស យន្តហោះចាស់​ទាំងបី​​ប្រភេទ​ខាងលើ។ ជាងនេះទៅទៀតលោក Shoigu បានទទូចថា ការផ្លាស់ប្តូរចាំបាច់​ត្រូវតែ​សម្រេចបាន​ ដោយពុំមាន​ការផ្តល់​ថវិកាបន្ថែមពី​រដ្ឋាភិបាល​ឡើយ ប៉ុន្តែបានក៏​គូសបញ្ជាក់ដែរ​ថា ពេលវេលា​ជាក់លាក់​នៃការផ្លាស់​ប្តូរយន្តហោះ​វិញ​មិនទាន់​ត្រូវបាន​កំណត់ច្បាស់​នោះទេ៕