(ចិន)៖ រដ្ឋាភិបាល​ទីក្រុងប៉េកាំង​នឹងចំណាយ​ថវិកា​ចំនួន២.៧ពាន់លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បីធ្វើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុលអាកាសធាតុ នៅក្នុងរដ្ឋធានីរបស់ខ្លួនសម្រាប់ឆ្នាំ២០១៧នេះ។ នេះបើ​តាម​សារព័ត៌មាន Channel News Asia ចុះផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

មួយចំនួន​នៃថវិកា​ទាំងនោះ នឹងត្រូវយក​ទៅ​ប្រើប្រាស់ដើម្បីបិទ ឬក៏បង្កើន​កម្រិត​សុវត្ថិភាពក្នុងរោងចក្រជាង​ ២,០០០កន្លែង​ដែលកំពុង​បំពុល​អាកាសធាតុ, ជំនួស​ពីការ​ប្រើប្រាស់​ធ្យូង​មកប្រើ​ថាមពលស្អាតវិញនៅតាម​​បណ្តោយជាយ​រដ្ឋធានី និងលែង​អនុញ្ញាតឲ្យប្រើប្រាស់​យានយន្ត​​ចាស់ៗប្រមាណ​ ៣០០,០០០គ្រឿង​ដែលបាននិងកំពុងបំពុល​អាកាសធាតុ​​កម្រិតខ្ពស់។ នេះបើតាមការបញ្ជាក់ពី អភិបាលស្តីទីនៃរដ្ឋធានីប៉េកាំង លោក Cai Qi។

គួរបញ្ជាក់ថាអាជ្ញាធរកំពុងខិតខំប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បីសម្អាត​បរិយាកាសអាក្រក់​នៅក្នុង​ប្រទេសចិន ជាពិសេស​នៅរដ្ឋធានី និងតំបន់ជុំវិញដែលកំពុង​ទទួលរងគ្រោះ​ខ្លាំង។ នៅថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរចិន បានបើក​ប្រតិបត្តិការ​បរិស្ថាន​មួយដែលមានការសហការពីកម្លាំងប៉ូលិស ​ដើម្បីបំបាត់​ការដុត​សំរាម​ខុសច្បាប់​នៅក្នុងរដ្ឋធានី ដែលជាការបន្ថែមខ្យល់ពុល ទៅក្នុងបរិស្ថានដែលកខ្វក់ស្រាប់ទៅហើយ៕