(ហ្គាំប៊ី)៖ កងទ័ពសេណេហ្គាល់ បានសម្រេចចិត្ត​ឆ្លងកាត់​ព្រំដែន​ចូលទៅ​ក្នុង​ទឹកដី​ប្រទេស​ហ្គាំប៊ី​ហើយ ដើម្បីគាំទ្រ​ប្រធានាធិបតី​ជាប់ឆ្នោត​ លោក Adama Barrow ដែលបាន​ស្បថ​ចូលកាន់​តំណែង​ជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅឯស្ថានទូតហ្គាំប៊ី​ប្រចាំទីក្រុង​ដាកា ប្រទេសសេណេហ្គាល់ បន្ទាប់ពី​បានឈ្នះ​នៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយមាន​ការទទួល​ស្គាល់​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

សេណេហ្គាល់ គឺជាអ្នកដឹកនាំ​ប្រតិបត្តិការ​ចល័តទ័ព​នេះ ដោយមាន​ការគំាទ្រ​ពីសំណាក់​ប្រទេស​នីហ្សេរីយ៉ា និងបណ្ដារដ្ឋ​ដ៏ទៃទៀត​នៅក្នុងតំបន់ អាហ្រ្វិកខាងលិច ឬគេស្គាល់ថា Block Ecowas។ សកម្មយោធា​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ហ្គាំប៊ី លោក Yahya Jammeh ដែលគួរតែ​ត្រូវចុះចេញពី​ដំណែង​នៅថ្ងៃពុធកន្លងទៅ​ បានបដិសេធ​មិនព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និងប្រគល់អំណាចឱ្យលោក Adama Barrow។

ព្រមពេលជាមួយគ្នានោះដែរ Ecowas បានដាក់ឱសានវាទត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់​ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង​ប្រទេសហ្គាំប៊ី) ឱ្យលោក Jammeh ចុះចេញពី​តំណែង​ដោយខ្លួនឯង បើពុំដូច្នោះទេពួកគេ​នឹង​ប្រើប្រាស់កម្លាំង​យោធា​​ទម្លាក់លោក​ចេញពី​តំណែងតែម្តង។ ទោះបីជាបែបនេះក្តីក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិបានសង្កត់ធ្ងន់ថា វិបត្តិនយោបាយនេះគួរតែត្រូវបានដោះស្រាយ តាមរយៈការចរចា​នយោបាយ ជាជាងការប្រើកម្លាំងយោធា។

គួរបញ្ជាក់ថាការ​បដិសេធ​មិនព្រម​ចុះចេញពីអំណាច​របស់​ លោក Yahya Jammeh ត្រូវបាន​គាំទ្រ​ដោយ​សភា​ជាតិ​ហ្គាំប៊ី។ លោក Jammeh បានឡើងកាន់តំណែងជាប្រធានាធិបតីហ្គាំប៊ី ចាប់​តាំងពី​មាន​រដ្ឋប្រហារ​នៅឆ្នាំ១៩៩៤មក។ ចំណែកឯប្រជាជនហ្គាំប៊ីជាង ២៦,០០០នាក់ ត្រូវបានគេរំពឹងថា អាចនឹង​រត់ភៀស​ខ្លួន​ទៅកាន់​ប្រទេស​សេណេហ្គាល់ បើសិនជាអំពើហិង្សាផ្ទុះឡើង៕