(ឥណ្ឌា)៖ អាជ្ញាធរ​ឥណ្ឌា​បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍នេះថា ក្មេងៗសិស្សសាលា​យ៉ាងហោច​ណាស់​២៤នាក់ (អាយុ ៣-១២ឆ្នាំ) បានស្លាប់ និងជាច្រើននាក់​ទៀតបានរងរបួស​បន្ទាប់ពី​រថយន្ដក្រុង​របស់ពួកគេ បានបុកគ្នា​ពេញមួយ​ទំហឹង​ជាមួយ​រថយន្ដ​ដឹកទំនិញមួយគ្រឿង នៅឯរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង ប្រទេសឥណ្ឌា។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

យោងតាម​មេបញ្ជាការប៉ូលិសនៃរដ្ឋ Uttar Pradesh លោក Javed Ahmad គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​នេះ បានកើត​ឡើង​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ នៅ​ក្នុង​តំបន់ Aliganji នៃស្រុក Etah ស្ថិតនៅ​ចំងាយ​​ប្រហែល​ ២៣៤គីឡូម៉ែត្រពី​ទីក្រុង Lucknow​ ដែលជា​រដ្ឋធានី​នៃរដ្ឋ Uttar Pradesh។ លោក J​aved Ahmad បានបញ្ជាក់​ដូច្នេះថា «គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់​នៅថ្ងៃនេះ​នៅ​ក្នុង​តំបន់ Aliganji នៃស្រុក Etah បានបណ្ដាលឱ្យ​សិស្ស​សាលា ២៥នាក់​បាត់បង់ជីវិត ខណៈសិស្ស​សាលា​ជាច្រើននាក់​ទៀត ដែលបាន​រងរបួស​​ត្រូវបាន​ប្រជាជន និងក្រុមអ្នកជួយសង្រ្គោះទាញចេញពីរថយន្ដក្រុង និងបញ្ជូនទៅកាន់មន្ទីពេទ្យ»

គួរបញ្ជាក់ថា​គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌា តែងតែកើតឡើងជាញឹកញាប់ដោយសារ​តែកត្តា​ដឹកលើស​ចំណុះ​កត្តាផ្លូវថ្នល់ និងការធ្វេប្រហែស​ក្នុងការបើកបរ។ ចំណែកឯអាជ្ញាធរ​ឥណ្ឌា​បាន​និយាយថា​ នឹងបើកការស៊ើប​អង្កេតលើ​គ្រោះថ្នាក់​ចរាចរណ៍នេះ៕