(ហាណូយ)៖ ការតវ៉ាប្រឆាំងចិន ដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ចិនមកលើដែនកោះ​របស់វៀតណាមកាលពីឆ្នាំ១៩៧៤ នោះត្រូវបានរៀបចំឡើង នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែវាត្រូវបាន​បង្ក្រាបទៅវិញ​ដោយកម្លាំងប៉ូលិស និងក្រោយ​មកទៀតក៏មាន​ការចាប់ខ្លួន​សកម្មជន​មួយចំនួន ព្រមទាំង​ការបំបែកក្រុម​អ្នកកាសែត​​ផងដែរ។ នេះបើតាមការ​ចេញផ្សាយ​ដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ក្រុមបាតុកម្មដែលមានគ្នាសរុបជាង ១០០នាក់ បានប្រមូលផ្តុំគ្នានៅភាគកណ្តាលទីក្រុងហាណូយ ដើម្បីរំលឹកខួបទី៤៣ឆ្នាំនៃការដែលខ្លួនអះអាងថា ចិនបានឈ្លានពានយកប្រជុំកោះ «ផារ៉ាសែល» នៅក្នុងតំបន់​សមុទ្រចិនខាងត្បូង ដែលត្រូវបានប្រទេសទាំងពីរអះអាងកម្មសិទ្ធិរហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែវានៅតែបន្តស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ចិននៅឡើយ។

វាជារឿងកម្របំផុតដែលប្រជាជនវៀតណាម ធ្វើការតវ៉ាណាមួយនៅក្នុងប្រទេសបែបនេះ លើកលែងតែ​ជា​ការតវ៉ាប្រឆាំងនឹងប្រទេសចិន ដែលធ្លាប់កើតមានឡើង ជារឿយៗ។ មិនមានព័ត៌មានណាមួយ​បញ្ជាក់អំពី​ថា តើសមត្ថកិច្ចវៀតណាម នឹងដោះស្រាយបែបណាចំពោះសកម្មជន ដែលត្រូវបានចាប់ខ្លួននោះឡើយ៕