(ប៉េកាំង)៖ ប្រទេស​ចិនមានឆន្ទៈ​ខ្ពស់ក្នុង​ការដើរ​តួនាទី​យ៉ាងសកម្ម​ដើម្បីស្វែងរក​ដំណោះស្រាយ​ផ្នែកនយោបាយ​ដ៏សាក​សម​មួយ សម្រាប់វិបត្តិ​​​នៅ​ប្រទេស​អ៊ុយក្រែន ដែលនេះ​គឺជា​ការលើកឡើង​របស់​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង ទៅកាន់​ប្រធានាធិបតី​អ៊ុយក្រែន ផេត្រូ ផរ៉ូសេនកូ ហើយ​លោក ស៊ី បានបន្ថែមថា​រូបលោក​បានចាត់ទុក​បណ្តា​ប្រទេស​នៅអឺរ៉ុបខាង​កើត​ជាមិត្ត។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១០៧។

នាឱកាស​ជំនួបក្រៅផ្លូវការ​នៃវេទិកាសេដ្ឋកិច្ចពិភពលោក​ក្នុងទីក្រុង​ដាវ៉ូស លោក ស៊ី ជីងពីង បានប្រាប់​ប្រធានាធិបតី​អ៊ុយក្រែនលោក Petroផេត្រូ ផរ៉ូសេនកូ ថាប្រទេសទាំងពីរ​មានចំណងមិត្តភាព​ដ៏យូរអង្វែង​មួយ ហើយប្រទេសចិន​មានបំណង​ចង់អភិវឌ្ឍន៍​ទំនាក់ទំនង​ ក៏ដូច​ជា​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​រវាងគ្នា​និងគ្នា​ឲ្យកាន់តែស៊ីជម្រៅ​ជាងមុន។

លោកប្រធានាធិបតីចិនបានថ្លែងថា «យើងពិតជាសង្ឃឹម​ថា​អ៊ុយក្រែន​នៅតែបន្តរក្សា​ស្ថិរភាព​សង្គម​ និងការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយពួកយើង​​មានឆន្ទៈខ្ពស់​ក្នុងការដើរ​តួនាទី​យ៉ាងសកម្មដើម្បី​លើក​ស្ទួយ​ដំណោះស្រាយ​ផ្នែកនយោបាយ សម្រាប់វិបតិ្តនានា​ដែលបាន និងកំពុងកើតមាន​នៅ​ក្នុង​ប្រទេសអឺរ៉ុបខាងកើត​មួយនេះ»

គួរបញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុងប៉េកាំង​តាំងពីដើមមក ពុំសូវជា​មានចំណាប់អារម្មណ៍​ប៉ុន្មានឡើយ​​ក្នុងការចូល​ពាក់ព័ន្ធ​ជាមួយ​កិច្ច​ខិត​ខំ​​រកដំណោះស្រាយបញ្ចប់​វិបត្តិ​នៅ​អ៊ុយក្រែន​ ប៉ុន្តែខណៈដែលអនាគត​រដ្ឋបាលអាមេរិកថ្មី ហាក់បង្ហាញជំហរប្រឆាំងចិនរួចជាស្រេចនោះ ប្រទេសយក្សមួយនេះ​ក៏នឹងកាន់តែព្យាយាម​បង្កើនមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​ជាមួយបណ្តាប្រទេស ប្រកបដោយ​សក្តានុពលនានា​នៅលើលោក​បន្ថែមទៀត​ផងដែរ៕