(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​ជិតផុតអណត្តិមែនទែន លោក បារ៉ាក់ អូបាម៉ា នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជាលើក​ចុងក្រោយ​នៅថ្ងៃពុធ​នេះ (ម៉ោងនៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន) ហើយវា​ក៏នឹងក្លាយ​ជាលើកចុង​ក្រោយ​ផងដែរ​ ដែលប្រជាជន​អាមេរិក​បានស្ដាប់​លោក អូបាម៉ា ថ្លែងសុន្ទរកថា ក្នុងនាមជា​អគ្គមេបញ្ជាការ​យោធា និងប្រធានាធិបតី​អាមេរិក។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់សេតវិមាន ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

យោងតាម​ប្រពៃណី​ ឬទម្លាប់​របស់​ប្រធានាធិបតីមុនៗ គឺ​តែងតែបាន​ធ្វើសន្និសីទសារព័ត៌មាន​ជាលើក​ចុងក្រោយ​រៀងៗខ្លួន​នៅមុនពេល​បញ្ចប់​អាណត្តិ។ ជាក់ស្ដែង​អតីត​ប្រធានាធិបតី​អាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) ធ្លាប់បានធ្វើ​សន្និសីទ​ជុំចុងក្រោយរបស់​លោក និងបានឆ្លើយ​សំណួររបស់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ ពោលគឺ ០៨ថ្ងៃមុននឹង​លោក អូបាម៉ា ស្បថ​ចូលកាន់​មុខតំណែង​ជាប្រធានាធិបតី​អាមេរិក​ជាផ្លូវការ។

ជាងនេះទៅទៀត បើនិយាយពីសន្និសីទសារព័ត៌មាននៅកាលនោះដែរ លោក ចច ដាប់ប៊ែលយូ ប៊ូស ត្រូវបាន​អ្នក​សារព័ត៌មានជជីកសួរពីរឿងរសើប​មួយចំនួន​ដូចជា ជម្លោះនៅ​មជ្ឈិមបូព៌ា និងវិបត្តិ​ហិរញ្ញ​វត្ថុជាដើម។ ដោយ​ឡែក​សម្រាប់ លោក អូបាម៉ា ក៏ទំនង​ជាមិន​ខុសគ្នា​ដែរ​ដោយ​លោក អាចនឹង​ត្រូវបាន​គេសួរ​សំណួរ​ពាក់ព័ន្ធ​ នឹង​ការលូក​ដៃ​របស់​រុស្ស៊ី ចូលក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ព្រមទាំង​មរតក​នយោបាយ ដែល​លោក​បន្សល់ទុកផងដែរ។

គួរបញ្ជាក់ថា លោក ដូណាល់​ ត្រាំ នឹងស្បថ​ចូលកាន់​តំណែងជា​ប្រធានាធិបតី​អាមេរិក​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕