(ស្វីស)៖ ការស្រាវជ្រាវដើម្បីស្វែងរកប្រទេសដែលមានសុភមង្គលបំផុត ត្រូវបានធ្វើឡើងដោយវាស់ស្ទង់ទៅលើកត្តាផ្សេងៗ ដែលមានដូចជា កម្រិត GDP ប្រជាពលរដ្ឋម្នាក់ៗ អត្រាសង្ឃឹមរស់ សេរីភាពក្នុងការរួចផុតពីអំពើពុករលួយជាដើម។ តាមរយៈការស្រាវជ្រាវទៅលើ១៥៨ប្រទេស បានបង្ហាញថា ស្វីស ដែលកំពុងរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកជាប្រទេសដែលមានសុភមង្គលបំផុតលើពិភពលោក។

ខាងក្រោមនេះជាហេតុផលសំខាន់ៗដែលធ្វើឱ្យប្រទេសអឺរ៉ុបខាងលិចមួយនេះកា្លយជាប្រទេស ដែលគួរឱ្យចង់រស់នៅបំផុតគឺ៖

១៖ បើទោះស្ថិតក្នុងស្ថានភាពយ៉ាប់យឺនបំផុត មនុស្សនៅតែរក្សាការអត់ធ្មត់ និងមិនបង្ហាញឥរិយាបទរងសម្ពាធឡើយ។
២៖ ប្រព័ន្ធដឹកជញ្ចូនសាធារណៈតែងតែមកទាន់ពេលកំណត់ មានរបៀប និងមានអនាម័យ ហេតុនេះមនុស្សមិនមានបារម្ភពីការធ្វើដំណើរ។
៣៖ នៅពេលជួបបញ្ហាស្ទះចរាចរណ៍ មនុស្សនៅតែព្យាយាមរក្សាការអត់ធ្មត់ខ្ពស់បំផុត។ វាជារឿងអាម៉ាស់ជាខ្លាំងសម្រាប់អ្នកដែលហ៊ានចុចស៊ីផ្លេនៅលើដងផ្លូវ។
៤៖ ពួកគេតែងតែស្វាគមន៍គ្នាយ៉ាងកក់ក្តៅ នៅពេលជួបមនុស្សផ្សេងៗនៅតាមដងផ្លូវ។
៥៖ មនុស្សចូលចិត្តចំណាយពេលខាងក្រៅជាមួយគ្នាដើម្បីរក្សាចំណងមិត្តភាព ជាជាងគ្រាន់តែផ្ញើសារដល់គ្នា។
៦៖ ប្រទេស ស្វីស ពោរពេញដោយធម្មជាតិស្រស់បំព្រងគ្រប់ទីកន្លែង សូម្បីនៅជុំវិញផ្ទះ។
៧៖ អ្នកណាក៏អាចបរិភោគទឹកដែលមានគុណភាព និងឆ្ងាញ់ពិសារពីកន្លែងផ្តល់ទឹកនៅតាមទីសាធារណៈដោយឥតគិតប្រាក់។
៨៖ បឹងនានានៅប្រទេស ស្វីសមានអនាម័យ និងស្អាតជាងអាងហែលទឹកទៅទៀត។
៩៖ ការចិញ្ចឹមសត្វគោ និងកសិដ្ឋានចិញ្ចឹមសត្វ មិនមែនជារឿងរំខានឡើយ ផ្ទុយទៅវិញវាជារឿងដ៏រីករាយទៅវិញ។
១០៖ ត្រឹមតែអាចទិញផលិតផលទឹកដោះគោ ឬស៊ុតរបស់សត្វដែលរស់នៅសេរី និងគ្មានការឃុំឃាំង គឺជារឿងដែលធ្វើឱ្យមនុស្សរីករាយបំផុតផងដែរ។
១១៖ បន្លែ និងផ្លែឈើភាគច្រើនជាផលិតផលសរីរាង្គដែលគ្មានសារធាតុគីមី។
១២៖ សិស្សនិស្សិតពេញវ័យប្រមាណ៨៦ភាគរយ សុទ្ធតែទទួលបានពិន្ទុខ្ពស់ប្រហាក់ប្រហែលគ្នា។
១៣៖ អ្នកជាប់កិច្ចសន្យាការងារក្នុងប្រទេស ស្វីស អាចរីករាយជាមួយនឹងការឈប់សម្រាកប្រហែល៤ ឬ៥សប្តាហ៍ក្នុងមួយឆ្នាំ ដោយគ្មានការកាត់ប្រាក់បៀវត្សរ៍។
១៤៖ ស្វីសផ្តល់ច្បាប់ឈប់សម្រាកលំហែមាតុភាពរយៈពេល១៤សប្តាហ៍ ព្រមទាំងគ្រោងនឹងផ្តល់ច្បាប់ឈប់សម្រាក រយៈពេល២សប្តាហ៍សម្រាប់ឪពុកដែលមានភរិយាសម្រាលកូនផងដែរ។
១៥៖ ការប្រើពេលយូររង់ចាំជួបជាមួយវេជ្ជបណ្ឌិត ក្លាយជារឿងដែលមានតិចជាងគេបំផុតនៅលើពិភពលោក។
១៦៖ ស្វីសជាប្រទេសដែលចម្រុះដោយផលិតផលនាំចូលពីច្រើនប្រទេស ជាក់ស្តែងស្រានាំចូលពីអ៊ីតាលី ស្រាបៀពីអាឡឺម៉ង់ និងអាហារពីបារាំង។
១៧៖ ប្រជាពលរដ្ឋស្វីស អាចនិយាយបានច្រើនភាសាដែលបង្កភាពងាយស្រួលក្នុងការទំនាក់ទំនង។
១៨៖ ព្រីភ្លើងសម្រាប់ភ្ជាប់ចរន្តអគ្គីសនី ក៏ត្រូវបានរចនាឡើងដោយបង្ហាញស្នាមញញឹម និងរួសរាយផងដែរ។
១៩៖ ប្រទេស ស្វីស កាន់លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (ច្បាប់ក៏ប្រជាពលរដ្ឋមានសិទ្ធបោះឆ្នោតសម្រេច) ហេតុនេះពួកគេអាចប្រើសិទ្ធ ក្នុងការបោះឆ្នោតទៅលើគ្រប់បញ្ហាទាំងអស់ដើម្បីចូលរួមសម្រេចយោបល់។
២០៖ នៅស្វីសមានគណបក្សនយោបាយចំនួន ៤ ដែលអាចផ្តល់សេរីច្រើន សម្រាប់មនុស្សក្នុងការជ្រើសរើសបក្សនយោបាយដែលខ្លួនពេញចិត្ត។
២១៖ មនុស្សមានជំនឿសាសនាខុសគ្នា ប៉ុន្តែមិនជ្រុលនិយមនោះទេ។
២២៖ ប្រព័ន្ធអ៊ីនធើណែតនៅទីនោះ មានល្បឿនលឿនបំផុត ដែលមានទំហំរហូតដល់៤៤.៦Mbps សម្រាប់ការប្រើប្រាស់ដោយងាយស្រួលបំផុត៕

ដោយហេតុផលទាំងអស់ខាងលើ ទើបបានជាប្រទេស ស្វីសក្លាយជាកន្លែងដ៏មានសុភមង្គលបំផុត ដែលបានទាក់ទាញមនុស្ស និងស្ថាប័នជាច្រើនមករស់នៅទីនេះ៕

ប្រែសម្រួល និងបកប្រែដោយ៖ អ៊ឹត ចណ្ណា