(មូស្គូ)៖ ប្រទេសរុស្ស៊ីបានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា នឹងអាចរៀបចំនូវកិច្ចពិភាក្សាមួយ ជាមួយនឹងលោក ដូណាល់ ត្រាំ ស្តីអំពីស្ថិរភាពជាយុទ្ធសាស្ត្រ ក្នុងនោះរួមមាន​ទាំង​​បញ្ហា​អាវុធនុយក្លេអ៊ែរ​ផងដែរ។ នេះបើតាម​ការ​លើកឡើង​របស់រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក ស៊ឺហ្គៃ ឡារ៉ូវ ដែលត្រូវ​បានដក​ស្រង់​ដោយ​ទីភ្នាក់ងារ​​ព័ត៌មាន​ Reuters នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងឱកាសនៃកិច្ចពិភាក្សា និងការឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាននានានៅទីក្រុងមូស្គូ លោក ឡារ៉ូវ បានបញ្ជាក់ថា កិច្ចពិភាក្សាដែលរុស្ស៊ីគ្រោងនឹងរៀបចំជាមួយ​ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ នឹងពាក់ព័ទ្ធទៅលើ អាវុធប្រភេទ Hypersonic, ខែល​ការពារ​មីស៊ីល​អាមេរិកនៅ​តំបន់​អឺរ៉ុប, អាវុធអវកាស, និង​ការធ្វើតែស្ត​នុយក្លេអ៊ែរ​ជាដើម។

គួរបញ្ជាក់ថា​រុស្ស៊ីបានបង្ហាញពី​ជំហរត្រៀមខ្លួន​ជានិច្ច ចំពោះកិច្ចពិភាក្សា​ជាមួយលោក ត្រាំ ដើម្បីលើក​ឡើង​ពី​បញ្ហានានា​ដែលខ្លួនចង់យកមកដោះស្រាយដូចខាងលើនេះ បន្ទាប់ពីលោក ត្រាំ ស្បថ​ឡើង​កាន់តំណែង​​ជាផ្លូវការ។ សម្រាប់បញ្ហាធំៗ​ដែលជារឿងប្រឈម​សម្រាប់លោក ដូណាល់ ត្រាំ ក៏ដូចប្រទេស​រុស្ស៊ី នឹងអាច​ដោះស្រាយ​រួមគ្នា​នោះ​ គឺអំពើភេរវកម្ម និងសង្គ្រាមហែកហួរ​ឥតស្រាកស្រាន​នៅប្រទេសស៊ីរី៕