(អាមេរិក)៖ ក្រុមហ៊ុន​លក់ថ្នាំ​ជក់អន្តជាតិ British American Tobacco (BAT) បានប្រកាស​នៅថ្ងៃអង្គារនេះ​ថា​ក្រុមហ៊ុន​បានយល់​ព្រម​​លើកិច្ច​​ព្រម​ព្រៀង ​ស្តីពីការ​ទិញ​យក​ក្រុមហ៊ុន​​លក់ថ្នាំ​ជក់ Reynolds American Inc របស់​សហរដ្ឋអាមេរិក​ ដែលជាគូប្រជែង​ដ៏ស្វិតស្វាញ​របស់ខ្លួន បន្ទាប់ពី​ក្រុមហ៊ុន BAT បាន​បង្កើន​ទឹក​ប្រាក់​ដល់​ទៅ ៤៩.៤ពាន់លានដុល្លារអាមេរិក។ នេះបើ​តាមការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះ​​បន្តិចនារសៀល​ថ្ងៃអង្គារ​ ទី១៧ ខែមករា ឆ្នាំ២០១៧។

គ្រប់ម្ចាស់​ភាគហ៊ុន​របស់ក្រុមហ៊ុន Reynold នឹងទទួល​បានសាច់​ប្រាក់សុទ្ធ​ចំនួន​ ២៩.៤៤ដុល្លារអាមេរិក និង ០.៥២៦ភាគរយ​នៃភាគហ៊ុន​​របស់​​ក្រុមហ៊ុន BAT សម្រាប់​ភាគហ៊ុន​នីមួយៗ​របស់ពួកគេ​ស្របតាមលក្ខខណ្ឌ​នៃកិច្ច​ព្រមព្រៀង​ខាងលើ។ ដោយឡែកកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៦​ ក្រុមហ៊ុន British American Tobacco បានដាក់សំណើ​ក្នុងតម្លៃ​ ៤៧ពាន់លានដុល្លារ​ដើម្បីទិញយក​ក្រុមហ៊ុន Reynolds American ប៉ុន្តែត្រូវ​បាន​បដិសេធ​ចោល​ដោយសារ​តិចពេក៕