(ហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅថ្ងៃចន្ទនេះ បានសន្យាផ្តល់នាវាល្បាតថ្មី ចំនួន០៦គ្រឿង ដល់រដ្ឋាភិបាលវៀតណាម នៅអំឡុងពេលដែលលោកកំពុងបំពេញដំណើរទស្សនកិច្ច នៅក្នុងប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលកំពុងមានជម្លោះជាប់គាំង ជាមួយនឹងប្រទេសចិន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនភាគខាងត្បូង។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។

​ជប៉ុនជាប្រទេសឈរលំដាប់មុខគេ ក្នុងការប្រឈមមុខនឹងកំណើននៃការចង់បានអំណាចរបស់ចិន និងភាពមិនប្រាកដប្រជានៃ​ការផ្លាស់ប្តូរគោលនយោបាយ របស់លោក Donald Trump ដែលនឹងឡើងកាន់អំណាច ជាប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលឆាប់ៗនេះ។​

«យើងនឹងគាំទ្រយ៉ាងពេញទំហឹង លើការពង្រឹងសមត្ថភាព នៃការអនុវត្តច្បាប់ជើងទឹករបស់វៀតណាម» នេះបើតាមសម្តីលើកឡើង របស់លោក Abe ហើយបានសង្កត់ធ្ងន់ថា ជម្លោះស្តីពីបញ្ហាសមុទ្រចិនភាគខាងត្បូង គួរតែធ្វើការដោះស្រាយ តាមរយៈការពិភាក្សា និងយោងទៅតាមច្បាប់អន្តរជាតិ។​

ចិន បានអះអាងស្ទើរតែទាំងស្រុង នៃតំបន់សមុទ្រចិនភាគខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួន ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥ពាន់ពាន់លានដុល្លារ សហរដ្ឋអាមេរិក តាមរយៈការធ្វើពាណិជ្ជកម្ម ឆ្លងកាត់តាមដែនសមុទ្រនេះ ជារៀងរាល់ឆ្នាំ។ វៀតណាម និងប្រទេសចំនួន០៤ទៀត ក៏បានលើកឡើងដែរថា ពួកគេក៏មានសិទ្ធិ នៅក្នុងតំបន់សមុទ្រនេះផងដែរ ដោយជឿជាក់ថា ដីក្រោមបាតសមុទ្រ ជាប្រភពនៃរ៉ែប្រេង និងឧស្ម័ន។

រដ្ឋាភិបាលទីក្រុង Tokyo មិនមានមហិច្ចតា ដណ្តើមយកទឹកដីនៅទីនោះទេ ប៉ុន្តែមានការព្រួយបារម្ភ ខ្លាចកំណើនយោធារបស់ចិន លុកលុយដល់ដែនសមុទ្ររបស់ខ្លួន។ ជប៉ុន មានជម្លោះដាច់ដោយឡែកមួយជាមួយចិន ពាក់ព័ន្ធនឹងបញ្ហាតំបន់ប្រជុំកោះ នៅសមុទ្រចិនភាគខាងកើត។​

នាវាល្បាតសមុទ្រថ្មីចំនួន០៦គ្រឿងនេះ មានតម្លៃសរុបប្រមាណ៣៨.៥ពាន់លានយេន ស្មើនឹង៣៣៨លានដុល្លារសហរដ្ឋអាមេរិក ហើយវៀតណាមនឹងទទួលបានប្រាក់ កម្ចីសម្បទាន ដើម្បីធ្វើការបង់ចំពោះជប៉ុនវិញ។ មិនទាន់មានការកំណត់កាលបរិច្ចេទ ចំពោះការបញ្ជូននាវាទៅវៀតណាមនោះទេ ខណៈបញ្ហានេះមិនទាន់ត្រូវបានពិភាក្សា។

សូមជំរាបថា កាលពីពេលកន្លងទៅជប៉ុន បានព្រមព្រៀងក្នុងការផ្តល់នាវាល្បាតចាស់ ចំនួន០៦គ្រឿងផងដែរ ឲ្យទៅប្រទេសវៀតណាម៕