(នីហ្សេរីយ៉ា)៖ មនុស្សយ៉ាង​ហោចណាស់​ចំនួន​ ០៥នាក់បានបាត់បង់​ជីវិត ​និងមិនតិច​ជាង​ ១៥នាក់ឡើយ​ បានទទួលរងរបួសយ៉ាងដំណំ ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះ​​គ្រាប់​បែក​អត្តឃាត​ទៅលើ​សាកលវិទ្យាល័យ Maiduguri ស្ថិតនៅក្នុងរដ្ឋ Borno ភាគឦសាន​ប្រទេស​នីហ្សេរីយ៉ា​នៅ​ព្រឹក​​ថ្ងៃ​ចន្ទនេះ (ម៉ោងនៅទីក្រុង អាប៊ូចា)។ នេះបើតាមការចេញ​ផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

មន្រ្តីប៉ូលិស​នីហ្សេរីយ៉ា​ លោក​ស្នងការ Damian Chukwu បានបញ្ជាក់ថា ​មនុស្ស​ប្រាំនាក់បាន​ស្លាប់ភ្លាមៗ​នៅពេលការ​ផ្ទុះ​បាន​កើតឡើង​ ដោយ​មានរួមបញ្ចូលទាំង​សាស្រ្តាចារ្យ​មួយរូប​នៃសាកលវិទ្យាល័យ​ខាងលើ​នេះ​ផងដែរ ហើយជនរងគ្រោះទាំង ១៥នាក់ផ្សេងទៀតដែលរងរបួស​ ត្រូវបាន​ជម្លៀសខ្លួន​​ចេញពី​កន្លែង​កើតហេតុ ហើយបញ្ជូន​ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត​ជាបន្ទាន់​ ។

គួរបញ្ជាក់ថាទីក្រុង Maiduguri ធ្លាប់បាន​ទទួលរង​ការវាយប្រហារ​ជាច្រើន​ដងមកហើយ ប៉ុន្តែ​លើកនេះ​គឺជា​ការវាយប្រហារ​ដំបូងគេបំផុត​​ទៅ​លើ​សាកលវិទ្យាល័យ ដែលជា​ស្នាដៃ​របស់ក្រុមជ្រុល​និយម​អ៊ីស្លាម Boko Haram ដែលបាន​សម្លាប់ជីវិត​មនុស្សមិន​ក្រោម ២០,០០០នាក់​នោះ​ឡើយ​នៅក្នុងប្រទេស​នីហ្សេរីយ៉ា​នារយៈពេល ០៧ឆ្នាំចុង​ក្រោយ​នេះ៕