(បាងកក)៖ ប្រទេសថៃ​អាចនឹងប្រឈម​នឹងគ្រោះទឹកជំនន់​ជាថ្មីម្ដង​ទៀត បន្ទាប់ពី​មនុស្ស​យ៉ាង​ហោច​ណាស់​ ៤១នាក់បានស្លាប់​នៅក្នុងគ្រោះទឹក​ជំនន់ ដែលបង្ក​ឡើងដោយ​ភ្លៀងធ្លាក់​ខ្លាំងកាលពី​សប្ដាហ៍មុន នៅតំបន់​ភាគខាងត្បូង​នៃប្រទេស។ នេះបើតាម​សេចក្តី​ប្រកាសរបស់​ក្រសួង​ឧតុនិយម​ថៃ ចុះផ្សាយ​បន្ត​ដោយ​សារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ក្រសួង​ឧតុនិយមថៃ​ក៏បានឱ្យ​ដឹងដែរថា ភ្លៀងធា្លក់ខ្លំាង​អាចនឹងចាប់​ផ្ដើមធ្លាក់​ពីថ្ងៃចន្ទសប្តាហ៍នេះរហូត​ដល់​ថ្ងៃពុធ ខណៈអ្នក​នាំពាក្យ​រដ្ឋាភិបាលថៃ​បាននិយាយ​ថា នាយក​រដ្ឋមន្ត្រី​លោក ប្រាយុទ្ធ​ ចាន់អូចា បានបញ្ជា​ឱ្យក្រុម​មន្ត្រី​​របស់​លោក​ចាត់វិធានការ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ បង្កឡើង​ដោយ​ភ្លៀងធ្លាក់​ខ្លំាង​ដែលអាច​នឹងកើត​ឡើង​នៅខេត្ត​ភាគ​ខាងត្បូង​ប្រទេស ព្រមទាំង​ផ្ដល់ព័ត៌មាន​ដល់​ប្រជាជន​នៅក្នុងតំបន់​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ក៏ដូចជា​តាមដាន​ជានិច្ចនូវរាល់​ព័ត៌មាន​បន្ទាន់ និង​សេចក្ដីប្រកាស​របស់​រដ្ឋាភិបាល​ស្ដីពីការព្យាករណ៍​អាកាសធាតុ។

​គួរបញ្ជាក់ថា នៅក្នុងខេត្ត Surat Thani ក្រុមអាជ្ញាធរថៃកំពុងធ្វើ​អធិការកិច្ច​នៅកសិដ្ឋាន​ចិញ្ចឹមសត្វក្រពើ​ជាង ៤២កន្លែង​នៅក្នុងស្រុកចំនួន ០៧ ដោយខ្លាចក្រែង​សត្វក្រពើ​ច្រើនជាង ៤,០០០ក្បាលរួចពីចេញពី​កសិដ្ឋានទាំងនេះ នៅក្នុងករណី​មានទឹកជំនន់ខ្លាំង។ គ្រោះទឹកជំនន់នៅថៃអំឡុងខែមករា ដើមឆ្នាំបែបនេះ គឺមិនធ្លាប់កើតមាន​នោះឡើយពីមុនមក៕