(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត លោក ដូណាល់​ ត្រាំ នៅតែបន្ត​ធ្វើការ​រិះគន់ធ្ងន់ៗ​លើអង្គការ​NATO ដោយបានចាត់ទុក​អង្គការនេះថា​​គ្រាន់តែជា «វត្ថុបុរាណហួសសម័យប្រើលែងកើត» ហើយមិន​​តែ​ប៉ុណ្ណោះ​លោកថែមទាំងបាន​បន្ទោស​រដ្ឋនានាជា​សមាជិក​ថា មិនបានជួយ​ចំណាយ​លើ​ការចាយ​វាយក្នុង​​វិស័យ​ការពារជាតិ​រួម និងដាក់បន្ទុកតែ​ទៅលើ​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អង់គ្លេស The Times លោក ដូណាល់ ត្រាំ ក៏បាន​សាទរផងដែរ ចំពោះការ​សម្រេចចិត្ត​ដ៏វៃឆ្លាត​របស់អង់គ្លេស​ ក្នុងការចាកចេញពីសហភាពអឺរ៉ុប ព្រមទាំង​បានសន្យា​គាំទ្រដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុងឡុងដ៍ថែមទៀតផង។ ជាងនេះទៅទៀត​មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ​មិនបានភ្លេចឡើយក្នុងការរិះគន់លើ នយោបាយអន្តោប្រវេសន៍របស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជេឡា ម៉ាគែល ដោយហៅវាថា «ជាគ្រោះមហន្តរាយមួយ»។  

លោក ត្រាំ បាន​លើកឡើង​យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បាន​និយាយតាំងតែ​ពីយូរណាស់មកហើយថា អង្គការ NATO មានបញ្ហា ទីមួយ​គឺអង្គការ​នេះហួសសម័យ​ប្រើការលែង​កើត ព្រោះវា​ត្រូវបានបង្កើងត​​ឡើងអស់​រយៈ​ពេល​​រាប់សិបឆ្នាំហើយ តែមិនមាន​ប្រសិទ្ធភាព​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមភេរវករ និងទីពីរបណ្ដា​ប្រទេស​ជា​សមាជិក​មិនបានជួយចេញ​ថ្លៃ​លើការចាយ​វាយ​ ដែល​ពួកគេ​ត្រូវតែ​ចំណាយ​នោះទេ ពោលគឺ​មានប្រទេសតែ ០៥ ប៉ុណ្ណោះ​បានចេញ​ថ្លៃចាយវាយ​ដែលពួកគេ​ត្រូវធ្វើ... ត្រឹមតែ ០៥ ប្រទេស​គឺនៅតិច​ណាស់»

គួររំលឹកថាកាល​នៅអំឡុង​យុទ្ធនាការឃោសនា​បោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បាន​និយាយ​ថា លោក​នឹង​គិតឱ្យបាន​យ៉ាងតិច​ពីរដងមុននឹង​សម្រេច​ចិត្តថា ជួយ​សមាជិក​ណាមួយ​នៃអង្គការ ​NATO បើសិនជា​សហរដ្ឋអាមេរិក​មិនបាន​ទទួល​ការតបស្នង​សមរម្យ​​ ចំពោះការ​គាំទ្រ​របស់ខ្លួន​ទេនោះ។ ទោះបី​ជាយ៉ាង​នេះក្ដី លោក ត្រាំ ដែល​នឹងស្បថចូលកាន់​តំណែងជា​ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ទី២០ ខែមករា បាន​អះអាងថា​នៅក្នុងកែវភ្នែក​របស់លោក ​អង្គការ NATO នៅតែ​មាន​សារៈសំខាន់៕