(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលជាកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និង​វ៉ាស៊ីនតោន​កាលពីឆ្នាំមុននោះ នឹងត្រូវធ្វើការពន្យា​ពេលក្នុងការដាក់ពង្រាយ ដោយមិនបញ្ជាក់ថាពេលណាឲ្យប្រាកដនោះឡើយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ការសម្រេចបែបនេះបានធ្វើឡើង​ចំពោះមុខនៃការរិះគន់ និងព្រមានពីសំណាក់មហាយក្សចិន និងរុស្ស៊ី ហើយកូរ៉េខាងជើងក៏នឹងមិនអាចនៅស្ងៀមនោះដែរ។ ទោះបីជា​បែប​នេះក្តីក៏សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែអះអាងថា គំរោងបំពាក់ប្រព័ន្ធ THAAD នៅលើទឹកដីកូរ៉េខាងត្បូង គឺគ្រាន់តែជាការការពារទប់ទល់​ទៅនឹងការ​គំរាមកំហែងផ្នែកអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ ដោយវាមិនបាន​បំពាក់ប្រព័ន្ធឈ្លបយកការណ៍ទៅលើមូលដ្ឋានទ័ពចិន និងរុស្ស៊ី​ដូចការចោទ​ប្រកាន់​កន្លងមកនោះ​ឡើយ។

គួរបញ្ជាក់ថាលោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងជាបុគ្គលដែលអ្នកវិភាគ​មួយចំនួនលើកឡើងថា លោកនឹងអាចឈរឈ្មោះដណ្តើម​តំណែងប្រធានាធិបតីកូរ៉េខាងត្បូងនៅឆ្នាំ២០១៧ នេះ កាលពីសប្តាហ៍មុន​បានលើក​ឡើងថា ការដាក់ពង្រាយប្រព័ន្ធ​ការពារ​គ្រាប់មីស៊ីល​នៅកូរ៉េខាងត្បូង ដើម្បី​ទប់ទល់នឹងបង្កហេតុ​ដោយកូរ៉េខាងជើង​នោះ​ វាគឺជារឿងត្រឹមត្រូវ៕