(​សេអ៊ូល)៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដែលត្រូវបានគេរំពឹងថា អាចនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី កូរ៉េខាងត្បូង បានគូសបញ្ជាក់នៅថ្ងៃអាទិត្យនេះថា វាគឺជាការត្រឹមត្រូវសម្រាប់ប្រទេសរបស់លោក បានក្លាយជាទីតាំងតម្លើងប្រព័ន្ធខែលការពារមីស៊ីល អាមេរិក THAAD យ៉ាងយូរក្នុងឆ្នាំ២០១៧ ខណៈចិន​ និងរុស្ស៊ី បានព្រមានចាត់វិធានការឆ្លើយតបនឹងគំរោងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ​នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៧។

យោងតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ លោក បាន គីមូន បាននិយាយថា «ជាការពិតណាស់ ឧបទ្វីបកូរ៉េ បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពជិតបង្កសង្រ្គាម ដូច្នេះការដាក់ពង្រាយ THAAD គឺជារឿងត្រឹមត្រូវ ព្រោះវាជាវិធានាការការពារ ដ៏មានប្រសិទ្ធិភាព ស្របពេល កូរ៉េខាងជើង ចេះតែបង្ករឿងជាបន្តបន្ទាប់ តាមរយៈការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ ក៏ប៉ុន្តែទោះជាយ៉ាងណា ការដាក់ពង្រាយ THAAD ក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ជាមួយប្រទេសជិតខាងផងដែរ ហើយបញ្ហានេះគួរតែត្រូវបានដោះស្រាយដោយយន្តការ ការទូត»

គួរបញ្ជាក់ថា លោក បាន គីមូន បានត្រឡប់មកកាន់កូរ៉េខាងត្បូងវិញ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ បន្ទាប់ពីលោកបានបញ្ចប់អណត្តិជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ។ មួយវិញទៀត បើទោះជាលោកពុំទាន់បានបញ្ជាក់ចំៗក៏ដោយ ក៏ប៉ុន្តែតាមរយៈសេចក្ដីថ្លែងការណ៍របស់លោក ធ្វើឱ្យគេគិតថា លោកអាចនឹងឈរឈ្មោះ ប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង នៅចុងឆ្នាំ២០១៧នេះ៕