(បាងកក)៖ ម៉ាក​រថយន្តដើរ​ដោយថាមពល​អគ្គិសនី ​ដំបូងបំផុត​របស់​ប្រទេស​ថៃ ទីបំផុត​បាន​បង្ហាញវត្តមាន​ជាលើក​ទីមួយហើយ​នៅចំពោះមុខ​ភាពមិនជឿជាក់មួយចំនួន របស់អ្នក​ជំនាញខាងវិស័យ​ឧស្សាហកម្ម​មួយរូប ពាក់ព័ន្ធ​នឹងលទ្ធភាពដែលវាអាចទទួល​ជោគជ័យ​ ទៅលើការ​វាយលុក​ទីផ្សារ​នៃ​ម៉ូដែល​​រថយន្ត​ប្រភេទនេះ។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។

ក្រុមហ៊ុន​ផលិត​រថយន្ត Vera Automotive ដែលត្រូវបាន​បង្កើតឡើង​ដោយក្រុម​វិស្វករ​ថៃ​ចំនួនប្រាំ​នាក់​មកពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា KMITL ​​នៅបានណែនាំ​ឲ្យ​ពិភពលោក​បានស្គាល់​នូវយាន​ជំនិះ​ឈ្មោះ​ថា Vera V1 ជារថយន្ត​ដំណើរ​ការ​​ដោយ​​ថ្ម​សាកផ្ទុក​​ថាម​​​ពល ​២២គីឡូវ៉ាត់​ក្នុងមួយម៉ោង​ដែលចុះក្នុងបញ្ជី​នាយកដ្ឋាន​ទូរគមនាគមន៍​ផ្លូវគោក​ថៃ​ ជារថយន្ត​ដឹកអ្នក​ដំណើរបាន។ រថយន្ត Vera V1 មាន​ល្បឿនជា​អតិបរមា​ដល់ទៅ​ ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសម្រាប់​ថាមពល​ថ្មពេញអនុញ្ញាតឲ្យវា​ ធ្វើដំណើរ​បាន​ចម្ងាយ ​១៨០គីឡូម៉ែត្រ ខណៈ​ថ្មរបស់​រថយន្តនេះ​ត្រូវចំណាយ​រយៈពេល​ ០៦ម៉ោង​ដើម្បី​សាកឲ្យ​ពេញ។

គួរបញ្ជាក់ថា​រថយន្ត​ដើរដោយ​ថាមពលអគ្គិសនី​ខាងលើ ​ដែលត្រូវ​បានរចនា​ឡើងដោយ​វិស្វករ​ថៃ​ និងជាម៉ាករបស់ប្រទេស​ថៃសុទ្ធ​សាធ​​នេះ​មាន​តម្លៃ​មិនដល់​ ១លានបាត ឬប្រហែល ២៨,០០០ពាន់ដុល្លារ​សហ​រដ្ឋអាមេរិក​ក្នុងមួយ​គ្រឿង​នោះ​ឡើយ ដែល​នា​យក​​សមាគម​យាន​យន្ត​អគ្គិ​សនី​​​ប្រទេស​ថៃ ​​លោក Yossapong Laoonual អះអាងថា​ ជាតម្លៃដ៏​សមរម្យ​សម្រាប់អតិថិជនថៃទូទៅ៕