(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក ដូណាល់ ត្រាំ បានឲ្យ​សញ្ញាថា​ រូបលោក​អាច​នឹង​ដកទណ្ឌកម្ម​ដែលត្រូវ​បានដាក់​​ទៅ​លើ​ប្រទេស​រុស្ស៊ីចេញ​វិញ ប្រសិនបើ​រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ​បង្ហាញឲ្យ​ឃើញថា​​ខ្លួនពិតជា​មានសារៈ​ប្រយោជន៍​​ប្រាកដ​​មែន នៅក្នុង​ការប្រយុទ្ធ​​​ប្រឆាំង​​នឹង​​ក្រុមភេរវករ និងការ​សម្រេច​​បាននូវគោលដៅ​ផ្សេងៗ​ទៀត ដែល​សំខាន់​​ចំពោះ​​សហរដ្ឋអាមេរិក។ នេះបើ​តាមសេចក្តី​រាយការណ៍​​របស់​​សារព័ត៌មាន​អាមេរិក​មួយ ដែលដកស្រង់ដោយ​​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុន​នេះបន្តិច​នារសៀល​ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។

យោងតាម​បទសម្ភាសន៍​មួយ​របស់​កាសែត Wall Street Journal ជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​បញ្ជាក់​ថា​ ​​លោក​​នឹង​​បន្ត​រក្សា​ទណ្ឌកម្ម​ដែលត្រូវ​បាន​ដាក់ដោយ​រដ្ឋបាល​របស់​លោក បារ៉ាក់ អូបាម៉ា ទៅលើទីក្រុងម៉ូស្គូ ដោយសារតែបទចោទ​ប្រ​កាន់​នៃ​​ការ​​​វាយ​ប្រហារតាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាលពី​ចុងឆ្នាំមុន​នោះ យ៉ាង​ហោច​ណាស់​ក៏មួយរយៈពេល​សិន​ដែរ។ ប៉ុន្តែ​លោក ត្រាំ បានចោទជា​សំណួរ​យ៉ាង​ដូច្នេះថា «បើសិនជា​អ្នកត្រូវ​រ៉ូវគ្នា ហើយ​​បើ​សិន​​ជា​​​រុស្ស៊ី​​ពិតជា​កំពុងជួយ​យើងមែន​នោះ តើហេតុអ្វី​បានជា​អ្នករាល់គ្នា​នៅមាន​ទណ្ឌកម្ម​ទៀត ប្រសិនបើ​ពួកគេ​កំពុងតែ​ធ្វើរឿង​យ៉ាង​​ល្អ​​បំផុត​​​នោះ?»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលនឹង​ធ្វើការស្បថ​ចូលកាន់​តំណែង​ជាប្រធានាធិបតី​អាមេរិក​ទី​៤៥​ នៅសប្តាហ៍​ក្រោយ​នោះ បានត្រៀម​លក្ខណៈ​រួចជា​ស្រេច​ដើម្បី​ជួបជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន នៅក្រោយ​ពេល​ដែលលោក​ឡើង​ដឹកនាំ​ប្រទេស​មហាអំណាច​​មួយ​នេះ​ជំនួស​លោក អូបាម៉ា ដោយ​លោក ត្រាំ បាន​ថ្លែងថា «ខ្ញុំយល់ច្បាស់ថា​ភាគីរុស្ស៊ី​ពិតជា​ចង់ជួបពួក​យើង ហើយវាគ្មាន​បញ្ហានោះ​ឡើយ​​សម្រាប់​រូបខ្ញុំ»