(ប៉េកាំង)៖ កាសែតគាំទ្ររដ្ឋាភិបាលចិនមួយបានសរសេរថា ការចង់បិទប្រទេសចិន​មិនឲ្យចល័ត​ទៅក្នុង​ដែន​សមុទ្រចិន​ខាងត្បូង ដែលអនាគតរដ្ឋ​មន្ត្រីការបរទេស​ថ្មីរបស់អាមេរិក​បានលើកឡើងកាលពី​ថ្ងៃម្សិលមិញ​គឺ​ជា​ចេតនាចង់ «បញ្ឆេះសង្គ្រាម» នៅក្នុងតំបន់នេះ​ហើយ។ នេះបើ​តាមការដក​ស្រង់​ការផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នារសៀល​ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

នៅក្នុង​ការ​ធ្វើ​អត្ថា​ធិប្បាយ​​ដែលបាន​បង្កឲ្យ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង​​ផ្ទុះកំហឹង​​នោះ​ លោក Rex Tillerson ដែលជា​បេក្ខភាព​​សម្រាប់​តំណែង​​​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ នៃរដ្ឋាភិបាលអនាគត​របស់​លោក ដូណាល់ ត្រាំ បានថ្លែងថា​ «ការសាងសង់កោះសិប្បនិម្មិត​របស់​ប្រទេស​ចិន និងការដាក់​ពង្រាយ​បរិក្ខាយោធា​នៅតាមកោះ​ទាំងនោះ​គឺដូចគ្នា​ទៅនឹង​ការឆក់​យក​តំបន់​គ្រីមៀ​ពី​អ៊ុយក្រែន​ ដែលធ្វើ​ឡើង​ដោយ​ប្រទេស​រុស្ស៊ីអ៊ីចឹង។ យើងនឹងផ្ញើសារ​ដែលមានអត្ថន័យ​ដ៏ជាក់ច្បាស់​មួយទៅ​កាន់​ចិន ដែល​ជា​ដំបូង​នោះ​គឺសកម្មភាព​សាងសង់​កោះសិប្បនិម្មិ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ហើយការចេញ​ចូលរបស់​អ្នក (ប្រទេសចិន) ទៅ​កាន់​កោះ​ទាំងនោះ​នឹងមិនត្រូវ​ទទួលបាន​សិទ្ធិអនុញ្ញាត​ទៀត​ឡើយ»

ជុំវិញបញ្ហានេះកាសែតគាំទ្ររដ្ឋាភិបាលចិនជាច្រើន ជាពិសេសសារព័ត៌មាន The Global Times បាន​ចេញ​ផ្សាយ​យ៉ាង​ដូច្នេះថា «សហរដ្ឋអាមេរិក​ទំនងជាចង់​បញ្ឆេះឲ្យមានសង្គ្រាមធំ​នៅតំបន់​សមុទ្រចិន​ខាង​ត្បូង​ ដោយសារការរារាំង​ចិនមិនឲ្យ​ចល័តទៅកាន់ប្រជុំកោះនានា​របស់ខ្លួន»។ ទោះបីជា​បែបនេះក្តី​វាគ្រាន់តែជាការ​ផ្សព្វផ្សាយ​ដោយប្រើ​ពាក្យធ្ងន់ៗ ទៅកាន់​សហរដ្ឋអាមេរិក​តាមរយៈសារព័ត៌មាន​តែប៉ុណ្ណោះ ដោយរដ្ឋាភិបាល​ចិនមិនទាន់បានបង្ហាញជំហរជាផ្លូវការណាមួយ ជុំវិញការលើកឡើងបែបនេះឡើយ ព្រោះតែលោក Rex ក៏មិនទាន់ក្លាយជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជាផ្លូវការនោះដែរ៕