(សេអ៊ូល)៖ ប្រទេស​កូរ៉េខាងជើង​ក្រោមការដឹកនាំ​របស់លោក គីម ជុងអ៊ុន​ ប្រហែល​ជា​​នឹង​អាច​​ធ្វើ​​​សំ​ណើ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​មួយ​​ចំនួន​​ទៅ​កាន់​ប្រទេស​​កូរ៉េខាងត្បូង​នាឆ្នាំ២០១៧នេះ ដោយមាន​រួមបញ្ចូល​ទាំងការរួបរួមគ្នា​ក្រុមគ្រួសារទាំងឡាយ ដែលបានបែកបាក់គ្នាកាលពីសម័យសង្គ្រាមកូរ៉េ ដើម្បីរំដោះ​ខ្លួនចេញ​ពី​ទណ្ឌកម្ម​ផ្សេងៗ​ដែលអន្តរជាតិ​បានដាក់ទៅលើ​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​សេចក្តីរាយការណ៍​ចុង​ក្រោយ​បំផុត​មួយ ​​ដែលចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

នៅក្នុងឆ្នាំនេះ​កូរ៉េខាងជើងនឹង​ព្យាយាម​បង្កើតទំនាក់ទំនង​អន្តរកូរ៉េ​ឡើងវិញ ដោយទាញ​យកផល​ប្រយោជន៍​ពីការភាពរង្គោះរង្គើរនយោបាយ​នៅក្នុង​ប្រទេស​​​កូរ៉េ​ខាងត្បូង។ នេះបើតាម​ការបង្ហាញ​នៅក្នុង​របាយការណ៍​ដ៏រសើបមួយ​របស់វិទ្យាស្ថាន​កូរ៉េ​ដើម្បីការបង្រួប​បង្រួមជាតិ (KINU) ដែលបាន​បង្ហើប​​ថា​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មីនៅកូរ៉េខាងត្បូង ​ប្រហែល​ជាអាចនឹង​ត្រូវធ្វើ​ឡើង​ឆាប់រហ័ស​ជាងការ​រំពឹងទុក។

របាយការណ៍​ខាងលើ​បានឲ្យដឹងទៀតថា​ កូរ៉េខាងជើង​អាចនឹងដាក់សំណើ​មួយចំនួន​ដែលរដ្ឋាភិបាល​ទីក្រុងសេអ៊ូល​មិនអាច​ប្រកែក​បាន​ដោយ​ងាយៗ​នោះឡើយ គឺសុំការរួបរួមនៃក្រុមគ្រួសារជាច្រើនដែល​ត្រូវ​បានព្រាត់ប្រាសគ្នាទៅរស់នៅប្រទេសសងខាង ដោយសារតែសង្រ្គាម​កូរ៉េ​កាលពីឆ្នាំ១៩៥០-៥៣ ឬមួយ​​ក៏​បើក​កិច្ច​​ពិភាក្សា​​ជាន់ខ្ពស់លើបញ្ហានានារវាងប្រទេសទាំងពីរ។ របាយការណ៍​ដដែលបានបញ្ជាក់ដូច្នេះថា «ការដាក់សំណើបែបនេះទីក្រុង​ព្យុងយ៉ាងទំនងជានឹងធ្វើការទាមទារ​​កូរ៉េ​ខាងត្បូង​ឲ្យដកទណ្ឌកម្ម​ជាឯកតោភាគី​នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ហើយបន្តប្រតិបត្តិការនៃតំបន់ឧស្សាហកម្មពិសេស Kaesong នៅ​ព្រំដែនប្រទេស​កូរ៉េខាងជើង​ឡើងវិញ»

គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើង​ធ្លាប់បាន​បដិសេធជា​ច្រើនលើក​ច្រើន​សា​ក្នុងការចរចា​គ្នា​ដើម្បីអនុញ្ញាតឲ្យក្រុមគ្រួសារដែលបានបែកបាក់គ្នា​ទាំងឡាយធ្វើការជួបជុំគ្នា ដោយ​អះអាងថា​កូរ៉េខាងត្បូង​គឺជាអ្នកដែលបានប្រព្រឹត្តខុស​ទាំងស្រុង ​សម្រាប់​ការ​ខកខាន​នៃព្រឹត្តិការណ៍​ទាំងនេះ៕