(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចាត់ទុកការខិតខំបង្កើនវត្តមាន នៃកងកម្លាំងយោធាអាមេរិក នៅតំបន់អឺរុបខាងកើត ដែលកៀកនឹងព្រំដែន​ប្រទេសរុស្ស៊ីថា ជាការគំរាមកំហែងផ្នែកសន្តិសុខជាតិយ៉ាងខ្លាំងក្លា បន្ទាប់ពីរថក្រោះជារាប់សិបគ្រឿងរួមជាមួយ និងកងទ័ពអាមេរិកជាច្រើន​ពាន់នាក់ត្រូវបានបញ្ចូនឆ្លងកាត់ ព្រំប្រទល់អាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងនាមជាផ្នែកមួយការពង្រឹងកម្លាំង​យោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅអំឡុងពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមសម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះដែរ យោងតាមអ្នកនាំពាក្យយោធាប៉ូឡូញបានឲ្យដឹងថា កងទ័ពអាមេរិករួម និងរថក្រោះក៏ដូចជាបរិក្ខាយោធាទាំងប៉ុន្មានផ្សេង​ទៀត នឹងចាកចេញពីក្រុង Zagan ភាគខាងលិចប្រទេសប៉ូឡូញ ហើយត្រូវដាក់ពង្រាយនៅតាមបណ្តាទីតាំងជាច្រើនកន្លែង ក្នុងប្រទេស​ប៊ុលការី ប្រទេសរ៉ូម៉ានី និងប្រទេសអេស្តូនី។ មន្រ្តីយោធាដដែល (មិនបញ្ចេញអត្តសញ្ញាណ) បានបញ្ជាក់ថា កងកម្លាំងបន្ថែមទាំងនេះនឹងបង្កើន​​សមត្ថភាពទប់ទល់ នៅក្នុងតំបន់ក៏ដូចជា ពង្រឹងសមត្ថភាពរបស់ អាមេរិកក្នុងការឆ្លើបតប ទៅនឹងការប៉ះទង្គិចគ្នាណាមួយ ហើយនិងការពារ​បណ្តាប្រទេស ដែលជាសម្ព័ន្ធមិត្តរួមទាំងដៃគូសហការ។

គួបញ្ជាក់ថា សហរដ្ឋអាមេរិក​បានចាប់ផ្តើម​ការ​ដាក់ពង្រាយ​កងទ័ព​ប្រហែលជា៤,០០០នាក់ រួមជាមួយ​និង​រថក្រោះចំនួន​៨៧គ្រឿង ទៅ​កាន់​​តំបន់អឺរ៉ុប​ខាងកើត ក្រោមហេតុ​ផលទប់ស្កាត់​ការពង្រីក​ឥទ្ធិពល​យោធា និងដើម្បី​កំញើញ​រុស្ស៊ី​អាចនឹងលើកទឹកចិត្ត ឱ្យ​បណ្ដាប្រទេសតូចៗ​ហ៊ានពើង​ទ្រូងដាក់​ទីក្រុងមូស្គូ ក៏ប៉ុន្តែ​អ្នកវិភាគនយោបាយ និងសង្រ្គាមដ៏ជំនាញៗជាច្រើនរូប​បានលើកឡើងថា វាក៏​អាចនឹង​បង្កឱ្យមាន​ជម្លោះនៅក្នុង​តំបន់ផងដែរ។ ដោយឡែកការបន្ថែមវត្តមានយោធា​ខាងលើ​គឺជាផ្នែកមួយ​នៃប្រតិបត្តិការ Atlantic Resolve ដែលត្រូវ​បាន​បង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក​​ កាលពី​ខែមេសា ឆ្នាំ២០១៤ ក្រោយការ​ធ្វើបដិវត្តន៍​ដែលគាំទ្រ​ដោយអាមេរិក​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

សូមជំរាបថា កាលពីដើមខែធ្នូ ឆ្នាំ២០១៦ រថយន្តពាសដែក ដែលផ្ទុកពេញដោយទ័ពម៉ារីន  របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្ងាត់ជ្រងំ ជាមួយនឹងសីតុណ្ហភាពត្រជាក់ក្រោម សូន្យអង្សាទៅកាន់តំបន់មួយ ដែលស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់នៃតំបន់អាក់ទិក ខណៈដែលមាន Drone មិនស្គាល់អត្តសញ្ញាណ កំពុងហោះសំកាំងពីលើពួកគេ។

ទ័ពម៉ារីនរបស់អាមេរិកប្រមាណជា៣០០នាក់ កំពុងបោះមូលដ្ឋាននៅក្នុងប្រទេស ណ័រវេ ដែលនេះជាផ្នែកមួយនៃវិធានការណ៍  ក្នុងគោលដៅធានារក្សាសុវត្ថិភាព ដល់ប្រទេសណ័រវេ ដែលជាសមាជិកមួយរបស់អង្គការណាតូ ដែលមានដែនដីស្ថិតនៅចុងបំផុតនៃទ្វីបអឺរ៉ុប។ បើទោះបីជាទីតាំងនៃមូលដ្ឋាននេះស្ថិតនៅចម្ងាយ ប្រមាណ១០០០គីឡូម៉ែត ពីបន្ទាត់ព្រំដែន ប៉ុន្តែនេះជាគម្រោងមួយក្នុងគោលដៅជម្រុញការត្រៀមខ្លួន សម្រាប់ការធ្វើសង្គ្រាម៕