(ឡុងដ៍)៖ ជើងហោះហើរជាង៨០ ដែល​ធ្វើដំណើរទៅ​ក៏ដូចជាមកអាកាសយានដ្ឋាន Heathrow ក្នុងទីក្រុងឡុងដ៍ត្រូវ​បានបង្ខំឲ្យលុបចោល​​ ដោយ​​សា​រតែ​អាកាស​ធាតុ​មិន​អំណោយ​ផល​នៅចក្រភពអង់គ្លេស នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Independent នៅយប់​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

ទីបញ្ជាការគ្រប់គ្រងការហោះហើរ (NATS) នៅឯព្រលានយន្តហោះខាងលើ នឹងធ្វើដាក់បំរាមមិនឲ្យមានការចុះចតណា​មួយ​នោះ​ឡើយ ​ចាប់​ពី​ម៉ោង​៣៖០០នាទីរសៀល ថ្ងៃព្រហស្បតិ៍នេះតទៅ (ម៉ោងនៅក្នុងទីក្រុងឡុងដ៍) ដើម្បីអនុញ្ញាតឲ្យក្រុមការងារ នៅលើដីអាចធ្វើការបោស​សម្អាត​​គំនរ​ព្រិលចេញពីផ្លូវហោះហើរ ក្នុងអាកាសយានដ្ឋានដែលមមាញឹកជាទីបំផុតប្រចាំទ្វីបអឺរ៉ុបមួយនេះ។ ម៉្យាងវិញទៀត​យន្តហោះនានា នៅឯ​អាកាស​​យាន​ដ្ឋាន ក៏តម្រូវឲ្យឆ្លងកាត់ការរំលាយទឹកកក ដែលបានកកជាប់នឹងយន្តហោះផងដែរ ដោយ​ប្រការ​នេះ​អាច​នឹង​អូស​បន្លាយ​ពេល​វេលា​ នៃជើងហោះហើរ។

គួរបញ្ជាក់ថាអាកាសចរណ៍ British Airways តែឯងប៉ុណ្ណោះបានសម្រេចលុបចោលជើងហោះចាកចេញ ក៏ដូចជាមកដល់ចំនួន៦០ រវាងអាកាស Heathrow នឹងទីតាំងមួយចំនួននៅជុំវិញទ្វីបអឺរ៉ុប​រួមមានទាំង​ទីក្រុង Edinburgh ប្រទេសស្កុតឡែន, ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់, ទីក្រុង Geneva ប្រទេសស្វីស, ទីក្រុង Madrid ប្រទេស​អេស៉្បាញ, ទីក្រុង Milan និងរដ្ឋធានី Rome ប្រទេសអ៊ីតាលី៕