(ម៉ូស្គូ)៖ រុស្ស៊ីកំពុង​រៀបចំគំរោង​ក្នុងដាក់​ពង្រាយសព្វាវុធ​ទំនើបៗ​ជំនាន់ថ្មី​បំផុត​នៅពាសពេញ​ផ្ទៃប្រទេស​ ដោយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​មេបញ្ជា​ការ​យោធាធំៗ​ ​បាន​បើកការ​ជជែក​ពិភាក្សា​គ្នា​ក្នុងការ​បង្កើត​កងអង្គភាព​យោធា​ថ្មីៗ​ដែល​ផ្តោត​សំខាន់លើ​ការការពារ​ប្រឆាំងនឹង​យន្តហោះ Drone (គ្មានអ្នកបើកបរ)។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅ​ថ្ងៃព្រហស្បតិ៍ ទី​១២ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែល​បានឲ្យដឹងថា​ ការបង្កើន​សមត្ថភាព​ការពារខ្លួន​ប្រឆាំង​នឹង​យន្តហោះ Drone ជាមួយ​ការបង្កើត​ឡើងថ្មី​នូវកងអង្គភាព​យោធា​​សំខាន់​ៗ​បានស្ថិតក្នុង​ប្រធានបទ​ដែលត្រូវ​បាន​ជជែក​ពិភាក្សា​នៅ​សន្និសីទ​ស្តីពី​ប្រព័ន្ធ​មីស៊ីលយោធា ដែលប្រារព្ធឡើង​នៅថ្ងៃព្រហស្បតិ៍​នេះ​​ក្នុង​តំបន់ Amur Oblast ហើយជំនួបនេះ​ក៏បានលើកឡើង​អំពីគំរោង​នៃការធ្វើសមយុទ្ធយោធា​ ក្នុងយុទ្ធសាស្រ្ត​ទ្រង់ទ្រាយ​ធំមួយ ដែលនឹង​មាន​ការ​ចូល​រួម​ពីកងកម្លាំង​ការពារ​ដែនអាកាស​ នៅឯតំបន់ Buryatia។

គួរបញ្ជាក់ដែរថា នាពេលថ្មីៗ​នេះ​គេសង្កេត​ឃើញថា​ ប្រទេសរុស្ស៊ី​បាន​ខិតខំ​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​យ៉ាង​សស្រាក់​សស្រាំ និង​បាន​​ផ្តោត​សំខាន់​ទៅលើ​ការពារ​ប្រទេស ដោយបាន​ដាក់ពង្រាយ​សព្វាវុធទំនើបៗ​នៅពេញ​ផ្ទៃប្រទេស ហើយថែម​ទាំងបាន​ធ្វើសមយុទ្ធ​​យោ​ធា​ជាច្រើន​លើកច្រើន​សា​ទៀតផង។

សូមជំរាបថា សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧ បានចេញផ្សាយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចាត់ទុកការខិតខំបង្កើនវត្តមាន នៃកងកម្លាំងយោធាអាមេរិក នៅតំបន់អឺរុបខាងកើត ដែលកៀកនឹងព្រំដែន​ប្រទេសរុស្ស៊ីថា ជាការគំរាមកំហែងផ្នែកសន្តិសុខជាតិយ៉ាងខ្លាំងក្លា បន្ទាប់ពីរថក្រោះជារាប់សិបគ្រឿងរួមជាមួយ និងកងទ័ពអាមេរិកជាច្រើន​ពាន់នាក់ត្រូវបានបញ្ចូនឆ្លងកាត់ ព្រំប្រទល់អាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងនាមជាផ្នែកមួយការពង្រឹងកម្លាំង​យោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅអំឡុងពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ នេះបើតាមសម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ។

ជុំវិញបញ្ហានេះដែរ យោងតាមអ្នកនាំពាក្យយោធាប៉ូឡូញបានឲ្យដឹងថា កងទ័ពអាមេរិករួម និងរថក្រោះក៏ដូចជាបរិក្ខាយោធាទាំងប៉ុន្មានផ្សេង​ទៀត នឹងចាកចេញពីក្រុង Zagan ភាគខាងលិចប្រទេសប៉ូឡូញ ហើយត្រូវដាក់ពង្រាយនៅតាមបណ្តាទីតាំងជាច្រើនកន្លែង ក្នុងប្រទេស​ប៊ុលការី ប្រទេសរ៉ូម៉ានី និងប្រទេសអេស្តូនី។ មន្រ្តីយោធាដដែល (មិនបញ្ចេញអត្តសញ្ញាណ) បានបញ្ជាក់ថា កងកម្លាំងបន្ថែមទាំងនេះនឹងបង្កើន​​សមត្ថភាពទប់ទល់ នៅក្នុងតំបន់ក៏ដូចជា ពង្រឹងសមត្ថភាពរបស់ អាមេរិកក្នុងការឆ្លើបតប ទៅនឹងការប៉ះទង្គិចគ្នាណាមួយ ហើយនិងការពារ​បណ្តាប្រទេស ដែលជាសម្ព័ន្ធមិត្តរួមទាំងដៃគូសហការ៕