(ហាណូយ)៖ នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc បានធានា​អះអាង​សាជាថ្មី​ចំពោះ​គោលនយោបាយ​ឥត​ងាករេ​របស់​​​ប្រទេស​​វៀតណាម ​ក្នុងការពង្រឹង​ចំ​ណងមិត្តភាពល្អ, កិច្ចសហ​ប្រតិបត្តិការ​លើគ្រប់វិស័យ, និងនិរន្តរភាពនៃមិត្តភាពជាមួយប្រទេសកម្ពុជា។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន​វៀតណាម Vietnam Net នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ដែរថា​ក្នុងឱកាសជួបពិភាក្សាជា​មួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីកម្ពុជា និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​នៅ​ឯ​ទីក្រុង​ហា​ណូយ​​កាល​ពី​​ថ្ងៃ​ទី០៩​ ខែមករា​កន្លងទៅនេះ​ នាយករដ្ឋមន្រ្តីវៀតណាម​បាន​អបអរ​សាទរ​​ចំពោះ​សមិទ្ធិ​ផល​​ដែល​ប្រជាជន​ខ្មែរ​​​សម្រេចបាន​កាលពី​អតីត​កាល និងបាន​សង្កត់ធ្ងន់​ថា ភាគីវៀតណាម​តែងតែ​សង្ឃឹមថា ​ប្រទេសកម្ពុជា​នឹងជួបតែ​និរន្តរភាព, សន្តិភាព, និងវិបុលភាពជានិច្ច ហើយក៏​បាន​ជូន​​​​ពរ​ឲ្យការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ជាតិ​នៅខែមិថុនា ឆ្នាំ២០១៧ រួម​ទាំង​​ការ​បោះឆ្នោត​ជ្រើស​រើស​​តំណាង​រាស្រ្ត​​នៅ​ខែ​កក្កដា​ ឆ្នាំ២០១៨ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ថែមទៀតផង៕