(អេហ្ស៊ីប)៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើកបររថយន្តដឹកសំរាមមួយគ្រឿង ជាមួយនឹងគ្រាប់បែក បានបើកបុកចូលទៅក្នុងកន្លែងប៉ុស្តិ៍ត្រួតពិនិត្យ សន្តិសុខ នៅខាងក្រៅអគារប៉ូលិសមួយកន្លែង ភាគខាងជើងតំបន់ Sinai របស់ប្រទេសអេហ្ស៊ីប នាថ្ងៃចន្ទនេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និង២២នាក់ទៀតទទួលរងរបួស។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ។

ក្រុមមន្ត្រីសន្តិសុខ និងក្រុមគ្រូពេទ្យ បានឲ្យដឹងថា ការវាយប្រហារ​នៅក្នុងទីក្រុង el-Arish នៃតំបន់ Sinai Peninsula នេះ បានកើតឡើង បន្ទាប់ពីមានហេតុការណ៍ផ្ទុះមួយ ដោយសារក្រុមឧទ្ទាមពាក់ម៉ាសពណ៌ខ្មៅ បានបាញ់រះ និងគប់គ្រាប់បែកដៃ មកលើក្រុមទាហាន នៅជុំវិញកន្លែងត្រួតពិនិត្យសន្តិសុខ។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងថា ការវាយប្រហារសម្លាប់មនុស្សនេះ គឺជាសកម្មភាពរបស់ខ្លួនដែរ៕