(អាមេរិក)៖ វាពិតប្រាកដណាស់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក បានចាប់ផ្តើម​កែប្រែមុខមាត់នៃវិស័យការទូត របស់សហរដ្ឋអាមេរិក ចំពោះមុខអន្តរជាតិ ខណៈដែលលោកបានចេញ​បញ្ជាឲ្យ​អគ្គរដ្ឋទូតអាមេរិក​ទាំងអស់ នៅតាមបណ្តា​ប្រទេសនានា​ ដែលត្រូវបាន​តែងតាំង​ដោយ​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ជិតផុតអាណត្តិ​លាលែងពីតំណែង​ និងចាកចេញពីបណ្តា​ប្រទេសទាំងនោះ​ឲ្យបានមុន​ថ្ងៃលោកឡើង​កាន់តំណែង​ថ្ងៃទី២០ ខែមករា ខាងមុខនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Independent របស់អង់គ្លេស នាល្ងាចថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

សារព័ត៌មានអឺរ៉ុប​បានចេញ​ផ្សាយថា វាជា​ហានិភ័យមួយ​សម្រាប់អាមេរិក​ក្នុងការបោះ​ជំហានបែបនេះ ខណៈមន្ត្រីទូតថ្មី​ក៏មិនទាន់ត្រូវ​បានតែងតាំង ហើយអគ្គរដ្ឋទូត​នៅតាមបណ្តា​ប្រទេសសំខាន់ៗ​ដូចជា ចក្រភពអង់គ្លេស, អាល្លឺម៉ង់, និង កាណាដា ក៏ត្រូវដកចេញថែមទៀត ដែលជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេពិបាកក្នុងការ​រកកន្លែង​ស្នាក់នៅ ពេលមកដល់អាមេរិកវិញ និងកិច្ចការងារការទូតសំខាន់ៗ អាចនឹងត្រូវរាំងស្ទះផងដែរ។

តាមការអះអាង​​ពីក្រុមការងារ​អន្តរកាល​​របស់លោក ត្រាំ អគ្គរដ្ឋទូត​តាមបណ្តា​ប្រទេសជា​ច្រើន​ ត្រូវបាន​​សម្រេចឲ្យ​លាលែង​ពីតំណែង តាមរយៈ​លិខិត​បញ្ជាដែលត្រូវបាន​បញ្ជូនទៅកាន់​ពួកគេ​តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ មន្ត្រីជាន់ខ្ពស់តំណាងលោក ត្រាំ បានគូសបញ្ជាក់ថា «វាគ្មានអ្វីគួរឲ្យឈឺចាប់» សម្រាប់​រឿងនេះឡើយ ដោយវាជារឿងធម្មតាដើម្បីធានាឲ្យបានថា មន្ត្រីដែលត្រូវបានតែងតាំងដោយលោក បារ៉ាក់ អូបាម៉ា នឹងអាចលាលែង​ចេញពីតំណែងឲ្យ​ទាន់ពេលវេលា​កំណត់។

គួរបញ្ជាក់ថា ​កន្លងមកលោក ត្រាំ ធ្លាប់បាន​បង្ហើបថា​លោកនឹងតែងតាំង​លោកមេធាវី David Friedman ធ្វើជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីស្រាអែល និងអភិបាលរដ្ឋ Iowa លោក Terry Branstad ធ្វើជា​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន។ ទោះបីជា​បែបនេះក្តី អ្នកវិភាគ​បានលើកឡើងថា ​លោក ត្រាំ ទំនងជា​មិនអាចធ្វើការ​តែងតាំង​អគ្គរដ្ឋទូត ទៅតាមបណ្តា​ប្រទេសនានា​ឲ្យបានគ្រប់​ចំនួន ទាន់ពេល​ដែលលោក​ ឡើង​ស្បថចូលកាន់​តំណែងជាផ្លូវការ​នោះឡើយ។

ពាក់ព័ន្ធនឹងរឿងនេះ ប្រពន្ធទីមួយរបស់លោក ត្រាំ គឺលោកស្រី Ivana Trump បានបង្ហើបរួចទៅហើយថា​លោកស្រី ចង់ធ្វើជា​អគ្គរដ្ឋទូតអាមេរិក​សាធារណរដ្ឋ​ឆេក ប៉ុន្តែគេពុំទាន់​ទទួលបានការបញ្ជាក់ជាផ្លូវការថា​លោកស្រី នឹងអាចត្រូវតែង​តាំងឬក៏អត់នោះទេ៕