(សេអ៊ូល)៖ នាពេលថ្មីៗនេះ​ប្រទេសកូរ៉េខាងជើង​សម្រេចបាន​នូវកំពង់ផែដ៏ធំ​មួយ ដែលមាន​សមត្ថភាព​ធ្វើជាកន្លែង​សម្រាប់​សាងសង់​​នាវា​មុជ​ទឹកប្រភេទទម្ងន់ ១០,០០០តោន​​នៅក្នុងរោងចក្រ​ផលិតនាវា​មួយកន្លែង​នៃទីក្រុង Sinpo ក្នុងខេត្ត South Hamkyong។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិច​នារសៀល​ថ្ងៃសុក្រ ទី០​៦ ខែមករា ឆ្នាំ២០១៧។

ប្រភពព័ត៌មាន​ដដែលបាន​ឲ្យដឹង​ទៀតថា ដោយស្រប​ទៅតាម​ការណែនាំ​របស់ប្រមុខ​ដឹកនាំ​កំពូល​នៃប្រទេស​កូរ៉េខាងជើង​ក្នុងការផលិតនាវា​មុជទឹក​ទម្ងន់ ១០,០០០តោនចំនួនមួយគ្រឿងកាលពីឆ្នាំ២០១៤ កំពង់ផែ​សម្រាប់​សាងសាង់​នាវា​ដែលទើបតែ​សម្រេច​បាន​​នៅក្នុង​ទីក្រុង Sinpo ​ត្រូវបានជួសជុល​កែលម្អ​ពីកំពង់ផែ​ចាស់​ដែលមានស្រាប់ ហើយបច្ចុប្បន្ននេះ​វាមានបណ្តាយ​ប្រវែង ១៨០ម៉ែត្រ និងទទឹង២៥ម៉ែត្រ។

ជាមួយគ្នានេះវិស្វក ​និងអ្នកបច្ចេកទេស​ជំនាញៗ​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​ខ្ពស់​ដែលកំពុង​ធ្វើការ​នៅការដ្ឋាន​ជួសជុល​និងផលិត​នាវាមួយកន្លែងផ្សេង​ទៀតក្នុងទីក្រុង Chongjin នៃខេត្ត North Hamkyong ជាមួយនឹងសមាជិក​ក្រុមគ្រួសារ​របស់ពួកគេ ក៏បានផ្លាស់ប្តូរទីលំ​នៅ​ទៅកាន់ក្រុង Sinpo ដើម្បីកសាង​នាវា​មុជទឹក​ថែមទៀតផង។ គួរបញ្ជាក់ថា​ក្រៅពីនេះ​នាវាមុជទឹក​ដែលមានប្រភេទទម្ងន់​ ៣,០០០តោន​ចំនួនពីរ​គ្រឿង​​ផ្សេង​ទៀត​កំពុងស្ថិតក្រោម​ការសាងសង់​នៅក្នុងរោងចក្រ​​​នៃទីក្រុង Sinpo និង Chongjin៕