(ញូដេលី)៖ ក្រុមហ៊ុនអាកាសចរណ៍​ស៊ីវិល SpiceJet របស់ប្រទេសឥណ្ឌា ត្រូវបាន​គេរំពឹងថា​នឹងធ្វើការ​បញ្ជាទិញ​យន្តហោះ Boeing 737 យ៉ាងហោច​ណាស់ចំនួន​ ៩២គ្រឿង​ពីក្រុមហ៊ុន​ផលិតយន្តហោះ​ដ៏ធំ​របស់​សហរដ្ឋអាមេរិក ស្របពេល​ដែលខ្លួនកំពុង​ព្យាយាមបង្កើន​វត្តមាននៅ​ក្នុងទីផ្សារ​អាកាសចរណ៍​ពិភពលោក​ដែលកំពុងតែ​រីកចំរើន​ទៅមុខយ៉ាង​ឆាប់​រហ័ស។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

កិច្ចសន្យាខាងលើក្នុងការទិញយន្តហោះ ​ដែលច្រើនជាង​ទ្វេដង​នៃយន្តហោះ​ដឹកអ្នកដំណើរ​សរុប ៤០គ្រឿង​របស់ SpiceJet ដែលមានស្រាប់នោះ​ប្រហែលជានឹងត្រូវចុះ​ហត្ថលេខា​សម្រេច​នៅក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍​ខាងមុខនេះ ហើយការបញ្ជាទិញអាច​មានតម្លៃ​ដល់ទៅចំនួន​ប្រមាណជា​១០.១ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាខ្ទង់ចំណាយដ៏ច្រើនមហិមាមិនធ្លាប់មាន។

ដោយឡែកក្រុមហ៊ុន Boeing បានបដិសេធ​សុំមិនធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​សេចក្តីរាយការណ៍​នេះឡើយ ខណៈក្រុមហ៊ុន SpiceJet ពុំទាន់​​អាចទាក់ទងបាន ប៉ុន្តែវែបសាយ Bloomberg បានធ្វើការចុះផ្សាយ និងមានការអះអាងច្បាស់លាស់អំពីព័ត៌មាននេះ៕