(​អ៊ីស្ដង់ប៊ូល)៖ នៅទីបំផុតក្រុម ISIS នៅថ្ងៃចន្ទនេះ​បានចេញមុខអះអាងទទួលស្គាល់ថា ការ​វាយប្រហារភេរវកម្មបាញ់សម្លាប់មនុស្ស​ ៣៩នាក់ នៅឯក្លឹបរាត្រីមួយកន្លែង​ក្នុងទីក្រុង​អ៊ីស្ដង់ប៊ូល​កាលពី​ថ្ងៃឆ្លងឆ្នាំ​​សកលកន្លងទៅជាទង្វើរបស់ក្រុមខ្លួន ​ខណៈអាជ្ញាតួកគីក៏បានសន្និដ្ឋានដែរថា ភេរវករដែល​កំពុងរត់គេច​ខ្លួនអាចមក​ពី​ប្រទេស​ កៀហ្ស៊ីស៊ីស្ថាន ​ឬអ៊ូបេគីស្ថាន។ នេះបើតាមការ​​ចុះផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

យោងតាមសារព័ត៌មានតួកគី Hurriyet Daily ប៉ូលិសតួកគី និងទីភ្នាក់ងារចារ​កិច្ច បានទទួលដំណឹង​ពី​​សហរដ្ឋអាមេរិកជុំវិញ ហានិភ័យនៃការវាយ​ប្រហារ​ភេរវកម្មពី​សំណាក់ក្រុម ISIS កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅ ​ដោយថែម​ទាំង​អះអាងថាក្រុម ISIS​ អាចនឹងដឹកនាំសកម្មភាពវាយប្រហារ​នៅក្នុង​ទីក្រុង អ៊ីស្ដង់ប៊ុល និងអង់ការ៉ា។  

បន្ថែមពីលើនេះ សារព័ត៌មាន Hurriyet  បានបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេត​ក៏បានសន្និដ្ឋានដែរថា ភេរវករខាងលើអាចមានជាប់ ពាក់ព័ន្ធនឹងការវាយ​ប្រហាររបស់ក្រុម​សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលបានសម្លាប់​មនុស្ស ៤៧នាក់កាលពីខែមិថុនានៅឯ​អាកាសយានដ្ឋាន Atatürk ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល៕