(បាងកក)៖ ប្រទេសថៃនឹងត្រូវលើកគំរោងរៀបចំការបោះឆ្នោត ដែលរដ្ឋាភិបាលធ្លាប់បានអះអាងថា នឹងរៀបចំធ្វើឡើងនៅអំឡុងដើមឆ្នាំ២០១៧ នេះ ហើយអះអាងថា វាអាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០១៨ ដើម្បីទុកពេលឲ្យមានការរៀបចំច្បាប់មួយចំនួនឡើងវិញ។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះ​បន្តិចដោយ Channel News Asia ដកស្រង់ពី Reuters នារសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

ការលើកឡើងដូចខាងលើនេះ ធ្វើឡើងដោយសមាជិកសភាមួយរូបគឺលោក Somjet Boonthanom នៃរដ្ឋាភិបាលយោធា​ដឹកនាំ​ដោយលោក​​​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលធ្លាប់បានអះអាងថា គ្មានការពន្យារពេលនោះឡើងសម្រាប់ការបោះ​ឆ្នោតនៅក្នុងប្រទេសថៃ ដែលនឹងធ្វើឡើងនៅដើមឆ្នាំ២០១៧ នោះបានលើកឡើងយ៉ាងដូច្នេះប្រាប់ Reuters ថា «ការបោះឆ្នោត​នឹងអាចពន្យារពេល រហូតដល់ខែមីនា ឬក៏មេសា ឆ្នាំ២០១៨ ខាងមុខនេះ»

ទោះបីជាបែបនេះក្តីអ្នកនាំពាក្យ​រដ្ឋាភិបាលមួយរូបគឺលោកឧត្តមសេនីយ៍ Sansern Kaewkamnerd បាន​លើក​ឡើងផ្ទុយពីសមាជិក​សភាខាងលើនេះ​ថា «ការរៀបចំ​ការបោះ​ឆ្នោត​​​កំពុងតែប្រព្រឹត្តទៅ​នៅក្នុងឆ្នាំ​នេះ ខណៈដែលរដ្ឋាភិបាល​ក៏​កំពុងព្យាយាម​សម្រួល​ក្នុងការប្រគល់អំណាចទៅ​ឲ្យ​​រដ្ឋាភិបាល​ស៊ីវិល​វិញ។ វាជារឿង​ដែលរដ្ឋាភិបាលយកចិត្ត​ទុកដាក់​ជាយូរណាស់​មកហើយ ដូច្នេះអ្វីគ្រប់យ៉ាងកំពុងតែដំណើរការទៅមុខ»

គួរបញ្ជាក់យោធាបានធ្វើរដ្ឋប្រហារឈាមត្រជាក់ ទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីអំណាច​កាលពីខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីលោកស្រីបានឈ្នះឆ្នោត និងកាន់អំណាចបាន ១,០០០ថ្ងៃ។ គិតចាប់​តាំងពីឆ្នាំ១៩៣២មក ប្រទេសថៃបានកើតមាន​រដ្ឋប្រហារចំនួន ១២លើក ដែលជាតួលេខខ្ពស់​មួយ​នៅលើ​សកល​លោក។ ដោយឡែក​នៅក្នុងតំណាក់កាល​កាន់ទុក្ខ​អតីតព្រះមហាក្សត្រ ដែលបានសោយទិវង្គត​កាលពី​ខែតុលា ឆ្នាំ២០១៦ នោះវា​អាចនឹងមិនទាន់​ជាពេលសាកសម​ឡើយសម្រាប់រៀបចំ​ការ​បោះឆ្នោត ខណៈការកាន់ទុក្ខ​នឹងត្រូវអូសបន្លាយ​ពេញមួយឆ្នាំឯណោះ៕