(សេអ៊ូល)៖ អ្នកជំនាញលោកខាងលិច​បានវាយតម្លៃថា បើសិនជា​មីស៊ីល​ផ្លោង​ MSBS បាញ់ចេញពី​នាវា​មុជទឹក​របស់កូរ៉េខាងជើង​អាចបំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទម្ងន់មួយតោន​នោះ វាអាចមានឥទ្ធិពលគ្រប​ដណ្ដប់ ឬបំផ្លាញប្រទេសកូរ៉េខាងត្បូង​​ទាំងមូលតែម្ដង ហើយដែលការអះ​អាងឡើងវិញនេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំរបប​ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន មានគំរោងបាញ់សាកល្បង​មីស៊ីលឆ្លងទ្វីប (អាចបាញ់ដល់​សហរដ្ឋអាមេរិក) ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។​

លោក Theodore Posto ជាសាស្ត្រាចារ្យ​មកពី​វិទ្យាស្ថានបច្ចេកវិទ្យា​នៃ​រដ្ឋ Massachusett និងអ្នកជំនាញ​ខាង​មីស៊ីល​ផ្លោងម្នាក់ទៀត​គឺលោក Markus Schiller បានគូសបញ្ជាក់ថា នៅពេលមីស៊ីលផ្លោង កូរ៉េខាងជើង MSBS ឈ្មោះថា KN-11 អាច​បំពាក់ក្បាល​គ្រាប់​នុយក្លេអ៊ែរទម្ងន់មួយតោនវាអាចបាញ់​ចេញ​ក្នុងរយៈចំងាយ ៦០០​គីឡូម៉ែត្រ​ហើយបើ​សិនជាទម្ងន់ ១,៥តោននោះវាអាចបាញ់បានចំងាយ​តែ ៤៥០គីឡូម៉ែត្រប៉ុណ្ណោះ ហើយមិនតែប៉ុណ្ណោះ​មីស៊ីលប្រភេទនេះ អាចនឹងមាន​សមត្ថភាពកម្ទេច​កូរ៉េខាងត្បូង​ទាំងមូល ខណៈអ្នកជំនាញទាំងពីរក៏បានព្រមានដែរថា មីស៊ីល KN-11 ដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីល​រួមរវាងប្រទេស ប៉ាគីស្ថាន និងអ៊ីរ៉ង់ទំនងជាអាច​បំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរ ដែលហោះហើរក្នុងរយៈចំងាយ​រហូតដល់ទៅ ៨០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា​នៅពេលបច្ចុប្បន្នកូរ៉េខាងជើង​ អាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ពី១៤ ដល់៣៣គ្រាប់ ហើយ​មាន​សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរពី ០៨ ទៅ ០៩គ្រាប់ក្នុង​មួយ​ឆ្នាំ។ នេះបើតាមអ្នកជំនាញអាមេរិក លោក Siegfried S. Hecker។ ជាងនេះទៅទៀតកាលពីខែសីហា ឆ្នាំ២០១៦ កូរ៉េខាងជើង​បានបាញ់​សាកល្បង​ប្រកប​ដោយជោគជ័យ​នូវមីស៊ីលផ្លោង MSBS ដែលអាចហោះ​បាន​ចំងាយ ៥០០គីឡូម៉ែត្រ ស្របពេល​អ្នក​ជំនាញមួយចំនួននៅតែសង្ស័យចំពោះ​សមត្ថភាពមីស៊ីល​កូរ៉េខាងជើង ក៏ប៉ុន្តែនៅពេល​នេះ អ្វីដែល​គេប្រាកដ​មិនអាច​ប្រកែកបាន នោះគឺបចេ្ចកវិទ្យាមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់លោក គីម ជុងអ៊ុន កាន់តែរីកចំរើន ទៅមុខតាម​រយៈការធ្វើតែស្តដែលជា​ភស្តុតាងជាក់ស្តែងកន្លងមក៕