(​សេអ៊ូល)៖ សារព័ត៌មាន​កូរ៉េខាងត្បូង JoongAng ilbo ផ្អែកលើប្រភព​មិនបញ្ជាក់​​អត្តសញ្ញាណ​បាន​រាយការណ៍​ថា​ក្រុមហ៊ុន Samsung នឹងប្រកាស​នៅក្នុង​ខែមករានេះ​ ពីលទ្ធផល​​នៃការស៊ើប​អង្កេតស្ដីពី​មូលហេតុ​ដែលធ្វើឱ្យទូរស័ព្ទដៃទំនើប Galaxy Note 7 ​មួយចំនួនជួបបញ្ហា។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកនាំពាក្យ​ក្រុមហ៊ុនទូរស័ព្ទ​ដៃកំពូល​លើលោកមួយនេះ បានបដិសេធក្នុងការធ្វើអាត្ថាធិប្បាយ។ នេះបើ​តាម​ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។​

កាលពីខែតុលា កន្លងទៅ ក្រុមហ៊ុន Samsung​ ធ្លាប់បានឱ្យដឹងដែរថា កតា្តរួមផ្សំមួយចំនួន អាចជាមូលហេតុធ្វើឱ្យ Galaxy Note 7​ ផ្ទុះឆេះ​ដែលបានធ្វើឱ្យផលចំណេញ​ពីប្រតិបត្តិការអាជីវកម្ម ខាតបង់ដល់ទៅ ៥.១​ពាន់លានដុល្លារអាមេរិក រយៈពេលបីត្រីមាស​បន្ទាប់ពីក្រុមហ៊ុន សម្រេចចិត្ត​បញ្ឈប់ការលក់​ទាំងស្រុងនូវទូរស័ព្ទ Galaxy Note 7 កាលពីខែតុលា។

គួរបញ្ជាក់ថា​បើតាមក្រុមអ្នកវិនិយោគ និងអ្នកវិភាគលើក្រុមហ៊ុន Samsung ត្រូវតែបញ្ជាក់ពី​មូលហេតុ​ដែលធ្វើឱ្យ Note 7 ផ្ទុះឆេះដើម្បីកសាងឡើងវិញនូវទំនុកចិត្តពីអតិថិជន និងបញ្ជៀស​រឿងបែបនេះ​កើតឡើងជាសាថ្មី។ កន្លងមកក្រុមហ៊ុន Samsung ដែលតែងតែជាប់លេខ ១ នៅលើពិភពលោកលើផ្នែក​បច្ចេកវិទ្យា និងការបង្កើតថ្មី ដែលមាន​តម្រូវតាមចិត្តអតិថិជនជានិច្ច ហើយក្រោយពី Galaxy Note 7 ជួយបញ្ហា ក្រុមហ៊ុនក៏បានធ្វើការដោះស្រាយបញ្ហាភ្លាមៗ ដល់អថិជនទាំងអស់ជាទីគាប់ចិត្តផងដែរ៕