(ប៉េកាំង)៖ រដ្ឋាភិបាលចិន​ដាច់ខាតនឹង​មិនអនុញ្ញាត​ឲ្យនរណាម្នាក់ ប្រើប្រាស់​ទីក្រុងហុងកុង​ធ្វើជាមូលដ្ឋាន ដើម្បីបង្កើត​ការបះបោរ​ណាមួយ​​ប្រឆាំង​នឹង​ប្រទេសចិន ឬដើម្បី ធ្វើឲ្យ​ប៉ះពាល់ដល់ស្ថិរភាពនយោបាយ​របស់ទីក្រុង​មួយនេះ​បានឡើយ។ នេះបើតាមសម្តី​មន្រ្តីជាន់ខ្ពស់​ខាង​បញ្ហាដែនដី​របស់​ទីក្រុងប៉េកាំង ដែល​ចេញ​ផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧​។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍​ទូរទស្សន៍​រដ្ឋចិន​នាយប់ថ្ងៃអាទិត្យ លោក Zhang Xiaoming ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ចិន​នៅក្នុង​ទីក្រុងហុងកុង​ បានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ នឹង​មិនលូក​ដៃ​ចូលក្នុងកិច្ចការ​ ឬបញ្ហាណាដែលអាច​ប៉ះពាល់​ដោយផ្ទាល់​ដល់​ ​ស្វ័យភាព​របស់ទីក្រុងហុងកុង​នោះឡើយ។

លោក Zhang បាននិយាយ​យ៉ាងដូច្នេះ​ថា «ពុំមានជន​ណាមួយ​ត្រូវបានផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យធ្វើអ្វីៗ​នៅក្នុង​ទម្រង់​ណាមួយ​ដែលអន្តរាយ​ដល់​​ អធិបតេយ្យភាព និងសន្តិភាព​របស់ប្រទេសចិន​ឡើយ ហើយ​ពួកគេ​ក៏​មិនអាច​ប្រឆាំង​ ឬសួរ​ដេញដោល​ចំពោះសិទ្ធិ​អំណាច​របស់​រដ្ឋាភិបាល​ប៉េកាំង ឬសូម្បី​ច្បាប់មូលដ្ឋាន​របស់​ទីក្រុង​ហុងកុង​ផងដែរ។ ម៉្យាងវិញទៀត​ពុំមាននរណា​ម្នាក់អាចប្រើប្រាស់​ទីក្រុងស្វយ័ត​មួយនេះ ធ្វើជា​ឈ្នាន់​សម្រាប់​​បង្កជា​សកម្មភាព​បះបោរ​ឈ្លានពាន​ទាំងឡាយ ដែលប្រឆាំងនឹងប្រទេសចិន​សំដៅធ្វើ​ឲ្យ​ខូចស្ថិរភាព​សង្គមក៏ដូចជា​នយោបាយនោះដែរ»

គួរបញ្ជាក់ថា​មេដឹកនាំ​នៃប្រទេសចិន កំពុងតែមានការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ អំពីចលនា​ទាមទារ​ឯករាជ្យ​ដ៏ថ្មីថ្មោង​នៅក្នុង​ទីក្រុងហុងកុង​ ដែលបានវិលត្រឡប់​មកស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ចិនវិញ​កាលពី​ឆ្នាំ១៩៩៧ ជាមួយនឹងការ​សន្យានៃស្វ័យភាព​ដែលមានហៅថា «ប្រទេសតែមួយ, ប្រព័ន្ធគ្រប់គ្រងពីរ» និងការធ្វើបាតុកម្មមួយចំនួន​នៅក្នុងទីក្រុង ជាពិសេសបញ្ហាតំណាងរាស្ត្រវ័យក្មេងពីររូប ដែលជាប់ឆ្នោត​ហើយមិនបានចូលក្នុងសភា ដោយសារតែមិនព្រមបង្ហាញការស្មោះត្រង់នឹងទីក្រុងប៉េកាំង៕