(សេអ៊ូល)៖ ពាក្យសម្តីចេញពីមាត់របស់​ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវគេព្យួរអំណាចលោកស្រី ផាក គឺនហេ ថ្លែងនៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០១៧នេះ គឺលោកស្រីបានប្រកែក នូវរាល់ការ​ចោទប្រកាន់ទាំងអស់មកលើលោកស្រី ដោយអះអាងថា វាសុទ្ធតែជារឿងប្រឌិត និងកុហកទាំងអស់។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។

លោកស្រី ផាក បានថ្លែងយ៉ាងដូច្នេះទៀតថា លោកស្រី ឆយ ស៊ូនស៊ីល គឺជាមិត្តជិតស្និទ្ធរបស់លោក​ស្រីជាយូរយាណាស់មកហើយ ប៉ុន្តែគឺស្ថិតនៅ «ក្នុងនាមជាអ្នកស្គាល់គ្នាប៉ុណ្ណោះ» ដោយស្រី ឆយ មិនធ្លាប់បានទទួលការអនុញ្ញាតណាមួយ​ឲ្យប្រើឥទ្ធិពល និងអំណាចប្រធានាធិបតី ឲ្យលូកលាន់កិច្ចការ​ងាររដ្ឋដូចការចោទប្រកាន់ទាំងអស់​នោះឡើយ។

គួរបញ្ជាក់ថា នេះជាការចេញមុខបកស្រាយជាសាធារណលើកដំបូងហើយ ចាប់តាំងពីការចាត់វិធាន​ការស៊ើបអង្កេត ដោយក្រុមរដ្ឋអាជ្ញាធរទៅលើរូបលោកស្រី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។ បច្ចុប្បន្ន​លោកស្រីនៅតែស្ថិតនៅក្នុងអំឡុងការស៊ើបអង្កេត ពីសំណាក់ក្រុមរដ្ឋអាជ្ញាធរពិសេស ​ដែលមាន​រយៈពេល១៨០ថ្ងៃ។ កន្លងមកលោកស្រី ផាក មិនធ្លាប់បានធ្វើការសូមទោសទៅកាន់ប្រជាជាតិ ​កូរ៉េខាង​ត្បូង​នោះទេ ប៉ុន្តែលោកស្រីបានសូមទោស​ ចំពោះការធ្វេសប្រហែស​លើចំណង មិត្តភាពជាមួយលោកស្រី ឆយ ដែលនាំឲ្យ​មនុស្សមួយចំនួនមានការយល់ច្រឡំ៕