(បរទេស)៖ នៅក្នុងឆ្នាំ២០១៦នេះ ព្រឹត្តិការណ៍ទាក់ទងទៅនឹងគ្រោះមហន្តរាយធម្មជាតិជាច្រើន ជាពិសេសនោះ​គឺ​គ្រោះ​រញ្ជួយ​ដី​តែ​ម្តង ដែល​បាន​កើតមានឡើង​ដ៏គួរឲ្យតក់ស្លុតជាទីបំផុត និងបានបណ្តាលឲ្យមនុស្សស្លាប់សរុបរាប់ពាន់នាក់។ ខាងក្រោមនេះ គឺជា​ការ​រំលឹក​អំពី​ហេតុ​ការណ៍​នៃ​គ្រោះ​រញ្ជួយ​ដី​ធំៗ​ ប្រចាំឆ្នាំ២០១៦ ដែលសុទ្ធតែ​បានឆក់យកជីវិត​​មនុស្សរាប់សិប​នាក់ឡើងទៅ៖

១៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ គ្រោះរញ្ជួយដី​កំរិត ៦.៤រ៉ិចទ័រដែលញ័រពីជម្រៅដី ២៣គីឡូម៉ែត្រ បានអង្រួនកោះតៃវ៉ាន់ និងបានឆក់​យកជីវិត​មនុស្ស​សរុបចំនួន ១១៧នាក់ផងដែរ។

២៖ កាលពីថ្ងៃទី១៥ ខែមេសា គ្រោះរញ្ជួយដីកំរិត ៧.០រ៉ិចទ័រដែលញ័រពីជម្រៅដី ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសជប៉ុននិងបានបណ្តាលឲ្យ​មនុស្សចំនួន៤១នាក់បាត់បង់ជីវិត។

៣៖ កាលពីថ្ងៃទី១៦ ខែមេសា គ្រោះរញ្ជួយដីកំរិត ៧.៨រ៉ិចទ័រដែល​ញ័រពីជម្រៅដី ២០.៦គីឡូម៉ែត្រ បានវាយប្រហារ​ប្រទេស​អេក្វាឌ័រ និងបាន​បណ្តាល​ឲ្យ​មនុស្ស​សរុបដល់ទៅ ៦៧៣នាក់ឯណោះស្លាប់។

៤៖ កាលពីថ្ងៃទី២៤ ខែសីហា គ្រោះរញ្ជួយដីកំរិត ៦.២រ៉ិចទ័រដែលញ័រពីជម្រៅដី ៥.១គីឡូម៉ែត្រ បានវាយប្រហារចំប្រទេសអ៊ីតាលី ដោយបាន​សម្លាប់ជីវិតមនុស្សដល់ទៅចំនួន ២៩៩នាក់។

៥៖ កាលពីថ្ងៃទី១០ ខែកញ្ញា គ្រោះរញ្ជួយដីកំរិត ៥.៩រ៉ិចទ័រដែលញ័រពីជម្រៅដី ៤០គីឡូម៉ែត្រ បានវាយប្រហារប្រទេសតង់ហ្សានី ហើយបានសម្លាប់​មនុស្ស២៣នាក់ផងដែរ។

៦៖ កាលពីថ្ងៃទី០៦ ខែធ្នូ កន្លងទៅថ្មីៗនេះ គ្រោះរញ្ជួយដីកំរិត ៦.៥រ៉ិចទ័រដែលញ័រពីជម្រៅដី ៨.២គីឡូម៉ែត្រ បានវាយលុកទៅលើប្រទេសឥណ្ឌូណេស៊ី ​និងបានបង្កឲ្យមនុស្ស ១០២នាក់ស្លាប់៕