(ហ្គាតេម៉ាឡា)៖ ស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំ នៅប្រទេសហ្គាតេម៉ាឡា ដែលស្ថិតនៅតំបន់អាមេរិកកណ្តាលនោះ បានបិទទ្វារមិន​ដំណើរ​ការជាបណ្តោះអាសន្នសិន បន្ទាប់ពីស្ថានទូតបានទទួលការព្រមាននិងគំរាម។ នេះបើតាមសម្តីអ្នកតំណាងរបស់ស្ថានទូត ដោយ​មិន​បាន​ផ្តល់​ឲ្យ​នូវ​ព័ត៌​មាន​លម្អិត​វែង​ឆ្ងាយ​ឡើយនោះ​ ហើយត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦។

ស្ថានទូតខាងលើបានឲ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនថាស្ថានទូត បានបិទទ្វារនៅវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃសុក្រ (ម៉ោងនៅក្នុងប្រទេសហ្គាតេម៉ាឡា) ដែលទង្វើនេះគឺឆាប់ជាងការគ្រោងទុក ហើយនឹងបើកប្រតិបត្តិការសាជាថ្មីឡើងវិញនៅថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៧។

អ្នកតំណាងស្ថានទូតអាមេរិក ដែលបដិសេធមិនបញ្ចេញអត្តសញ្ញាណ បាននិយាយដូច្នេះថា «អ្វីៗស្ថិតនៅក្នុងសភាល្អជាធម្មតា ហើយគ្មាន​​បញ្ហាធ្ងន់ធ្ងរអ្វីបានកើតឡើងឡើយ ដោយពួកយើងគ្រាន់តែចាត់វិធាន តឹងតែងចំពោះសន្តិសុខក៏ដូចជាសុវត្ថិភាព របស់បុគ្គលិកយើង និងអ្នក​ដែលធ្វើដំណើរទៅកាន់ស្ថានទូតប៉ុណ្ណោះ»