(មូស្គូ)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានធ្វើការកោតសើរប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ថា​ពិត​ជា​ពោរ​ពេញ​ទៅ​ដោយ​ឆ្លាត​វៃ​មែន​ ដែលបានសម្រេចចិត្តពន្យា​ពេលនៃការសងសឹកឆ្លើយតបទៅនឹងទង្វើរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្ម​មកលើប្រទេសរុស្ស៉ី និងបានបណ្តេញមន្រ្តីទូតរុស្ស៉ីចំនួន៣៥នាក់ចេញពីទឹកដីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា «ពិតជាការសម្រេចចិត្តដ៏ល្អប្រសើរមែនទែនក្នុង​ការ​ពន្យា​ពេល​ដោយ​លោក វ៉្លាឌីមៀ ពូទីន... ខ្ញុំតែងតែប្រាកដក្នុងចិត្តជានិច្ចថាលោក ពូទីន ពិតជាមានភាពឆ្លាតវៃខ្លាំងណាស់»។ ក្រោយ​មក​សារមួយ​នេះ​ត្រូវបានដាក់ជាប់នៅនឹងកំពូលនៃគណនី Twitter របស់លោក ត្រាំ ហើយស្ថានទូតរុស្ស៉ីប្រចាំនៅអាមេរិក ក៏បានយកវាទៅបង្ហោះបន្តទៀត​។

សូមបញ្ជាក់ថា ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីតោន) បានសម្រេចចិត្ត​ដាក់​ទណ្ឌ​កម្ម​​ប្រឆាំង​​នឹង​​ទីក្រុង​មូស្គូ តាមរយៈការ​បណ្ដេញមន្ត្រី​ទូតរុស្ស៊ីចំនួន​៣៥នាក់​ ដែលទង្វើនេះបានបង្ខំឲ្យជនជាតិរុស្ស៉ីដល់ទៅ៩៦នាក់ ​​ចាក​ចេញ​ពី​ទឹក​ដីអា​មេរិក ​​ក៏ដូចជាបិទបេសកកម្មការទូត​រុស្ស៊ីចំនួន​ពីរកន្លែងនៅក្នុងញូវយ៉ក និង​រដ្ឋម៉ារីលែន ដើម្បីជាការឆ្លើយ​តប​ទៅ​នឹង​ការជ្រៀ​ត​ជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតជ្រើស​រើស​ប្រធា​នា​ធិបអាមេរិក​កាលពីថ្ងៃ​ទី​០៨ ខែវិច្ឆិកា​កន្លងទៅ។

ក៏ប៉ុន្តែប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសថានឹងមិនធ្វើដូចទីក្រុងវ៉ាស៊ីនតោន ដោយ​បណ្តេញ​មន្រ្តី​ទូតអាមេរិកចេញពីរុស្ស៉ីវិញ ដើម្បីធ្វើជាការសងសឹកនោះឡើយ ហើយបានគូសបញ្ជាក់សាជាថ្មីម្តងទៀតពីក្តីសង្ឃឹមរបស់រុស្ស៉ី សង្ឃឹមក្នុងការធ្វើយ៉ាងណា ឲ្យទំនាក់​ទំនង​​ជាមួយសហរដ្ឋអាមេរិកបានប្រសើរឡើងជាងមុន នៅពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់​អាមេរិកនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ឆាប់ៗខាងមុខនេះ៕