(ហាណូយ)៖ ​នាយកដ្ឋាន​ជលផល​វៀតណាម (DoF) បានឲ្យដឹងនៅថ្ងៃសុក្រនេះ​ថា​ ប្រទេសវៀតណាម​បានកំណត់​​គោល​ដៅ​​ថា​​នឹង​រក​ចំ​ណូល​​ឲ្យ​បាន​​ចំនួន​ ៧.១ពាន់លាន​សហរដ្ឋអាមេរិក​ពីវិស័យនាំចេញ​​អាហារ​សមុទ្រ​នៅក្នុង​ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការ​ចេញផ្សាយ​ ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នាល្ងាច​ថ្ងៃសុក្រ​ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ការប្តេជ្ញាខាងលើនេះត្រូវបានធ្វើឡើង​ដោយលោក Ngyen Ngoc Oai អនុប្រធាននៃ DoF នៅសន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​រដ្ឋ​ធានី​ហា​ណូយ ​​ដើម្បីរៀបចំការងារ​ទុកអនុវត្តន៍​​សម្រាប់ឆ្នាំ២០១៧។ ក្រៅពីនេះប្រទេស​វៀតណាមកំពុងតែ​ខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យ​ទិន្ន​ផល​សរុប​នៃ​​អា​ហារ​សមុទ្រ​កើនដល់ ៦.៨៥លានតោន​នាឆ្នាំក្រោយផងដែរ។

គួរបញ្ជាក់ថា​បើយោងតាមនាយកដ្ឋានខាងលើដដែល នៅក្នុងឆ្នាំ២០១៦នេះ វៀតណាម​រកថវិកាបាន​ប្រមាណជិត ៧ពាន់​លានដុល្លារ​អាមេរិក​​ពី​ការនាំចេញអាហារសមុទ្រ​ហើយមានទិន្នផល​សរុបមានចំនួន​ ៦.៧លានតោន៕