(រីយ៉ូ)៖ អត្រា​អ្នកអត់មាន​ការងារធ្វើនៅក្នុងប្រទេសប្រេស៉ីល គិតចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា​កន្លងទៅនេះ បានឈានដល់​កំណត់​ត្រា​ដ៏ខ្ពស់គឺដល់​ទៅ ១១.៩ភាគរយ។ នេះបើតាមសេចក្តី​ប្រកាសរបស់​ទីភ្នាក់ងារ​ស្រង់​ស្ថិតិ IBGE ដែលចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌​មាន​ចិន ស៉ិនហួរ នៅមុននេះបន្តិចនា​ព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមប្រភពដដែលអត្រាថ្មីនេះ​ គឺជាកំណើន​ប្រចាំឆ្នាំ​ដ៏គួរឲ្យកត់សម្គាល់​បើគិតពីរយៈពេល​ដូចគ្នា​​នៅក្នុង​ឆ្នាំ២០១៥ នៅពេលដែលវា​​​​មាន​ចំនួនត្រឹម​ ០៩ភាគរយ ហើយតួលេខនៃអ្នកអត់ការងារធ្វើខាងលើមាន​ន័យថា​ ប្រជាជនប្រេស៉ីល​ចំនួន​ ១២.១លាននាក់​ពុំមានការងារធ្វើនោះ​ឡើយ នៅអំឡុងពេល ០៣ខែកន្លងទៅនោះ ដែលចំនួននេះ​បានកើត​ឡើង​ ៣០.១ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

បន្ថែមពីនេះទៀត​ចំនួនប្រជាជន​នៅក្នុងប្រទេស​ប្រស៉ីល ​ដែលមានការ​ធ្វើបានថយចុះ​ក្នុងអត្រា ២.១ភាគរយ​ដោយនៅត្រឹម​ ៩០.២លាននាក់ ខណៈអត្រា​នៃអ្នកគ្មាន​ការងារធ្វើ​បានកើនឡើង​ ជាពិសេស​នៅក្នុង​វិស័យសំខាន់ៗ​មួយចំនួន ដូចជាកសិកម្ម, ឧស្សាហកម្ម, ហិរញ្ញវត្ថុ, សំណង់, និងអចលនទ្រព្យ។

គួរបញ្ជាក់ថា ការកើនឡើង​នៃអត្រាអ្នកអត់ការងារធ្វើខាងលើ​ខាងលើ​គឺគ្រាន់តែសញ្ញា​មួយ​នៅក្នុងចំណោម​សញ្ញាដទៃៗ​ទៀតតែ​ប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងឲ្យ​ឃើញពី​សេដ្ឋកិច្ច​ដ៏ខ្សត់ខ្សោយ​របស់ប្រទេស​ដែលស្ថិតនៅ​ទ្វីបអាមេរិកខាងត្បូងនេះ៕