(ឥណ្ឌូណេស៊ី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា​​គ្រោះ​មហន្តរាយ​រញ្ជួយដី​កំរិត ៦.២រ៉ិចទ័រនៅថ្ងៃសុក្រនេះ បាន​វាយ​ប្រហារ​ចំ​លើ​​​តំបន់​​ភាគ​ខាង​កើត​នៃប្រទេស​ឥណ្ឌូណេស៊ី។​ នេះបើ​តាម​ការចេញផ្សាយដោយ​សារព័ត៌មាន Bloomberg នៅមុននេះបន្តិច​​នាព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងទៀតថា​ គ្រោះរញ្ជួយដី​​កំរិតធ្ងន់ខាងលើ​ជាមួយនឹងជម្រៅ ៧២គីឡូម៉ែត្រ​បាន​កើត​ឡើង​នា​វេលា​ម៉ោង​​ប្រហែល ​៦៖៣០នាទី​ព្រឹក (ម៉ោង​នៅ​ទីក្រុង​ហ្សា​ការ​តា) នៅក្នុងតំបន់ Sumbawa ហើយ​ចំណុច​រំញ័រ​​របស់​វា​​ស្ថិត​នៅ​ប្រមាណ​​ ​៣៣​គីឡូ​ម៉ែត្រ​នៃភាគ​ខាង​ត្បូង​ភូមិ Tolotangga ដែលមាន​ចម្ងាយ​១,៣៥០គីឡូម៉ែត្រ​ភាគខាងកើត​រដ្ឋធានី​ហ្សាការតា។

យោងតាមសេចក្តីថ្លែងការណ៍​របស់ទីភ្នាក់ងារ កាត់បន្ថយគ្រោះមហន្តរាយ​ជាតិឥណ្ឌូណេស៊ី គ្រោះមហន្តរាយ​ធម្មជាតិនេះ​បានអង្រួន​ដល់​ខេត្ត East Nusa Tenggara ដែលនៅក្បែរ​ខាង​រួមនិងកោះទេសចរណ៍​បាលី​ផងដែរ ហើយហេតុការណ៍​ដ៏កក្រើកនេះ​បានបណ្តាលឲ្យ​ប្រជា​ជនជាច្រើននាក់​រស់នៅតំបន់​រងការ​វាយប្រហារ រួសរាន់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់។ ក៏ប៉ុន្តែទីភ្នាក់ងារដដែលបានបន្ថែមថា ពុំមានសេចក្តី​រាយការណ៍​ពីការខូចខាត ឬជនរងគ្រោះរញ្ជួយដីថ្មីនេះឡើយ ហើយសារព្រមាន​ពីរលកយក្ស​ស៊ូណាមិ​ក៏មិនត្រូវបានចេញប្រកាស​នោះ​ដែរ​។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែធ្នូនេះ ខេត្តអាសេ (Aceh) នៃប្រទេសឥណ្ឌូណេស៊ី បានទទួលរងការ​វាយយប្រហារដោយ​គ្រោះរញ្ជួយ​ដី​កំរិត ៦.៥រ៉ិចទ័រដ៏កក្រើកមួយផ្សេងទៀត ដែលបានសម្លាប់ជីវិត​មនុស្សជាង១០០នាក់ និងរបួសរាប់រយនាក់ទៀត៕